ដំណើរការនៃការតភ្ជាប់សេវាកម្មដឹកជញ្ជូនផ្លូវដែកកម្ពុជា និងថៃ នៅរង់ចាំពេលវេលាមួយរយៈទៀត

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -កម្ពុជា និងថៃ មានកិច្ចព្រមព្រៀងជាគោល នៅក្នុងការតភ្ជាប់សេវាកម្មដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សេវាកម្មដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដោយប្រើផ្លូវដែករវាងប្រទេសទាំងពីរ នៅមិនទាន់បានដំណើរការនៅឡើយទេ ដោយទាមទារពេលវេលា និងការពិភាក្សាលម្អិតបន្ថែមទៀត។

ឯកឧត្តម វ៉ាស៊ីម សុរិយា មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែករវាងប្រទេសទាំងពីរ មិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះថាការពិភាក្សាលម្អិតជាមួយភាគីថៃ នៅមិនទាន់បញ្ចប់។

ឯកឧត្តមបានបន្តថា ការងារបន្ទាប់គឺខាងភាគីកម្ពុជានឹងពិភាក្សាទៅលើការដឹកជញ្ជូនក្នុងស្រុក តាមរយៈក្រុមហ៊ុនទទួលបានសម្បទាន។ ឯកឧត្តមបញ្ជាក់ថា៖ “ការងារភ្ជាប់ផ្លូវដែកជាមួយថៃ គឺចប់សព្វគ្រប់ហើយ ប៉ុន្តែមិនមែនមានន័យថា យើងអាចធ្វើដំណើរជិះឆ្លងកាត់ ឬដឹកទំនិញព្រំដែនតាមរយៈរថភ្លើងបានភ្លាមនោះទេ។ ការពិភាក្សាលម្អិតទៅលើការដឹកជញ្ជូន ជាពិសេសពេលនេះ ផ្លូវដែកភាគខាងជើងនេះ ស្ថិតនៅក្រាមការគ្រប់គ្រងដោយក្រុមហ៊ុនទទួលសម្បទានពីរាជរដ្ឋាភិបាល”។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើកការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន ត្រូវបានចុះហត្ថលេខារវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាមួយនឹងពិធីប្រគល់ និងទទួលក្បាលរថភ្លើង (DMU) ពីភាគីថៃ ដល់កម្ពុជាផងដែរ។

តាំងតែពីសម័យកាលនៃសង្រ្គាមស៊ីវិល ជាពិសេសនៅក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ៨០មក ផ្លូវដែកពីរខ្សែដែលកម្ពុជាមានស្រាប់ ត្រូវបានបោះបង់ ប៉ុន្តែជាមួយនឹងការខិតខំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ការស្តារ និងការកសាងផ្លូវដែក បានចាប់ផ្តើមឡើងវិញ។ ក្នុងនោះ ផ្លូវដែកទិសខាងត្បូងភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បានចាប់ផ្តើមដំណើរការដឹកអ្នកដំណើរ និងទំនិញជាផ្លូវការ ក្នុងឆ្នាំ២០១៦។ ដោយឡែក ផ្លូវដែកទិសខាងជើង ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានបញ្ចប់ការងារស្តារឡើងវិញ និងការកសាងកំណាត់ផ្លូវដែកពីសេរីសោភ័ណទៅក្រុងប៉ោយប៉ែតបានចប់សព្វគ្រប់កាលពីខែសីហា ឆ្នាំ២០១៨។  បច្ចុប្បន្នផ្លូវដែកទិសខាងជើងកំពុងតែត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នដោយដឹកអ្នកដំណើរពីរជើងក្នុងមួយសប្តាហ៍ ហើយសង្ឃឹមថា វានឹងកាន់តែសកម្មទៅទៀត ក្រោយពេលដែលសេវាកម្មផ្លូវដែករវាងប្រទេសកម្ពុជា និងថៃ ដំណើរការ។ ហើយតំណផ្លូវដែកឆ្លងកាត់ព្រំដែននេះ ត្រូវគេរំពឹងថានឹងរួមចំណែកក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម តាមរយៈការដឹកជញ្ជូនទំនិញឆ្លងកាត់ និងភ្ញៀវទេសចរផងដែរ។

ឆ្លងកាត់ដំណើរការកែលម្អ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្លូវដែកកម្ពុជា ត្រូវគេមើលឃើញថា នឹងចូលរួមយ៉ាងសំខាន់ក្នុងការដឹកទំនិញ សម្រួលការកកស្ទះការដឹកទំនិញតាមផ្លូវជាតិ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ ការបង្កើនស្តង់ដារប្រសិទ្ធិភាពនៃការដឹកដញ្ជូន និងសុវត្ថិភាពនៃការធ្វើសេវាកម្ម នៅតែជាវិញ្ញាសារថ្មីមួយទៀតដែលរាជរដ្ឋាភិបាលនឹងត្រូវដោះស្រាយគិតគូរបន្ត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ នៅក្នុងការអភិវឌ្ឍ និងស្ដារឡើងវិញនូវផ្លូវដែករបស់ខ្លួន។ កាលពីពេលថ្មីៗនេះ សម្តេចបានបញ្ជាក់ថា៖ “សម្រាប់ផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត នៅព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្តាររួចឡើងវិញហើយដែរ។ ថ្វីដ្បិតតែមិនទាន់មានលក្ខណៈស្តង់ដារទំនើប ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍផ្លូវដែក ឱ្យមានការដឹកជញ្ជូនបានទូលំទូលាយ ពិសេសធ្វើឱ្យប្រព័ន្ធផ្លូវដែកកម្ពុជា ក្លាយទៅជាប្រព័ន្ធផ្លូវដែកពេញនិយមពីសំណាក់ប្រជាជន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើកការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងការតភ្ជាប់ផ្លូវដែកនៅព្រំដែនសារជាថ្មីក្រោយពីការកាត់ផ្តាច់នៅឆ្នាំ១៩៧៤មកនេះ ពិតជានាំមកនូវកាលានុវត្តភាពសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យោបាយដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសការតភ្ជាប់ទៅតំបន់អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវដែកកម្ពុជា និងថៃ នឹងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ព្រំដែន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរពីកម្ពុជា ទៅទីក្រុងបាងកក ប្រទេសថៃ។ ឯកឧត្តមបានថ្លែងថា៖ “មកពីភ្នំពេញ ឬពីក្រុងព្រះសីហនុមកឈប់ត្រង់ស្ថានីយនេះ (ស្ថានីយប៉ោយប៉ែត) រួចបន្តទៅដល់ទីក្រុងបាងកក។ ពីបាងកក ចង់ទៅម៉ាឡេស៊ីក៏បាន ទៅដល់សិង្ហបុរីក៏បាន សម្រាប់ដំណើរទេសចរណ៍ ដូច្នេះសំខាន់ណាស់ផ្លូវដែកនេះ។”

តែទោះយ៉ាងណា ដោយសារលក្ខណៈផ្លូវដែកកម្ពុជា ជាផ្លូវដែកចាស់ ហើយទ្រុឌទ្រោម ធ្វើឲ្យគុណភាព​ និងល្បឿននៃការដំណើរការដឹកទំនិញលើផ្លូវដែកទាំងពីរខ្សែ ហាក់នៅឆ្ងាយពីប្រទេសគេ។

លោក រិន បញ្ញា ជាប្រជាពលរដ្ឋមួយរូប ដែលធ្លាប់បានធ្វើដំណើរតាមរថភ្លើងនៅប្រទេសកម្ពុជា ក្រោយពេល ដែលដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ និងបានប្រើប្រាស់សេវាកម្មដឹកជញ្ជូននៅប្រទេសជិតខាង មានថៃ និងវៀតណាម ជាដើម បាននិយាយថាតាមពិសោធន៍ សេវាកម្មរថភ្លើងយើងពិតជានៅឆ្ងាយពីប្រទេសជិតខាង។ លោកបានបន្តថា ទូរថភ្លើងដែលយើងប្រើប្រាស់នៅក្នុងស្រុកយើង គឺជាទូរថភ្លើងចាស់ដែលកែច្នៃ ជាហេតុធ្វើឲ្យប្រព័ន្ធសុវត្ថិភាព ក៏ដូចជាផាសុកភាពនៅក្នុងទូរថភ្លើងយើងខុសពីគេដាច់ ប៉ុន្តែប្រសិនបើយើងដំណើរការទូរថភ្លើងដែលបានពីថៃមក ប្រហែលជាអាចប្រសើរជាងទូដែលមានស្រាប់។  លោកបានពន្យល់ថា ទោះបីជាវាជាទូចាស់ពីគេ ប៉ុន្តែវាជាប្រភេទទូរថភ្លើងដឹកអ្នកដំណើររបស់គេ ដូច្នេះយើងជឿថា វាមានផាសុកភាពជាង ហើយក៏មានសុវត្ថិភាពជាង។

លោកបានបន្ថែមថា ម្យ៉ាងវិញទៀតប្រសិនបើយើងពង្រឹងសេវាកម្មនេះឲ្យមានពេលច្បាស់លាស់ ឧទាហរណ៍ ចេញពីភ្នំពេញយប់ ទៅដល់គោលដៅនៅខេត្តព្រះសីហុន ឬ ប៉ោយប៉ែតនៅពេលព្រលឹម ហើយពង្រឹងសុវត្ថិភាព នៅក្នុងការដឹកជញ្ជូន កុំឲ្យរទេះភ្លើងឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពង្រឹងការផ្សព្វផ្សាយនោះ ប្រហែលជាល្អមែនទែន។

លោកបានបញ្ជាក់ថា៖ “ទាំងខ្ញុំទាំងគេ ឥឡូវនេះ បើមធ្យោបាយដឹកជញ្ជូនណា តម្លៃថោក មានផាសុកភាព មានសុវត្ថិភាព ជាជម្រើសល្អណាស់ ។ ទាំងខ្ញុំទាំងគេ មានលុយ មានកាក់បន្តិចបន្តួច ក៏ចង់ស្គាល់ស្រុកយើង និង ស្គាល់ស្រុកគេនឹងគេដែរហើយ ដូច្នេះបើយើងពង្រឹងសេវាកម្មនេះបាន គឺខ្ញុំនឹងគាំទ្រ។”

បច្ចុប្បន្ននេះ ផ្លូវដែកទិសខាងត្បូង ដែលមានចម្ងាយ២៦៤គីឡូម៉ែត្រ បានដំណើរការសម្រាប់ដឹកទំនិញកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអ្នកដំណើរ ហើយរថភ្លើងទិសខាងជើងដែលមានចម្ងាយ៣៨៦គីឡូម៉ែត្រ បានដាក់ដំណើរការជាបណ្តោះអាសន្នហើយ។ ល្បឿនជាមធ្យមនៃខែ្សរថភ្លើងទាំងពីរនេះ គឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែប្រជាប្រិយភាពរបស់វានៅមានកម្រិត ។

ពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកនេះដែរ  លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ចង់ឲ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកទិសខាងជើងឲ្យបានឆាប់ៗ។​ លោករំពឹងខ្ពស់ទៅលើការសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងប្រទេសកម្ពុជា និងថៃ។ លោកថា បច្ចុប្បន្នចរាចរណ៍ទំនិញមានភាពមមាញឹកនៅមាត់ច្រកព្រំដែន ហើយបន្ទាប់ពីមានការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនហើយ នឹងចំណេញពេលវេលា និងចំណាយតិច។

“ពីមុនដល់ឥឡូវនេះ យើងឃើញថាច្រកប៉ោយប៉ែតយើងនេះ យើងប្រើដឹកទំនិញក៏នៅច្រកហ្នឹង ហើយភ្ញៀវទេសចរក៏ឆ្លងកាត់ច្រកហ្នឹង ការដឹកទំនិញឡានធំៗ និងភ្ញៀវទេសចរទៅចម្រុះតែផ្លូវមួយ ហើយឥឡូវនេះ យើងមានច្រកថ្មី ដែលអាចធានាដល់ការដឹកទំនិញ។ បើយើងបានបើកច្រកហ្នឹងទៅ ប្រសើរណាស់ យើងមានកន្លែងស្រួលបួលសម្រាប់លើកដាក់ទំនិញ។ ហើយការតភ្ជាប់ផ្លូវរថភ្លើង ក៏យើងចង់បានយូរហើយ ព្រោះយើងចង់កាត់បន្ថយការកកស្ទះ” នេះគឺជាការបញ្ជាក់របស់លោក ចន្ធី។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រគល់សិទ្ធិគ្រប់គ្រងសម្បទានសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកទៅក្រុមហ៊ុន រ៉ូយ៉ាល់ រ៉ែវេរ (Royal Railways) ដដែល ប៉ុន្តែក៏កំពុងតែជម្រុញឲ្យក្រុមហ៊ុន និងកំពុងតែលើកទឹកចិត្ត និងទាក់ទាញដៃគូថ្មីៗដើម្បីអភិវឌ្ឈសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកនេះផងដែរ។

ជាក់ស្តែងកាលពីដើមខែឧសភា ក្រុមការងារនៃក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិនមួយបានមកធ្វើការសិក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកកម្ពុជា ដែលមានស្រាប់ ពីភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត។

ក្រុមការងារជំនាញចិន ក៏គ្រោងសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ដោយ​ ជា​ វណ្ណៈ