ម្ហូបខ្មែរចំនួន១០មុខត្រូវបានសមាគមចុងភៅកម្ពុជាយកទៅប្រកួតនៅក្នុងកម្មវិធី Best Asian Gourmet Challenge ឆ្នាំ២០១៩ ទទួលបានជ័យលាភីលេខ១ នៅប្រទេសថៃ

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រកួតប្រជែង អាហារអាស៊ី ឆ្នាំ២០១៩( Best Asian Gourmet Challenge)បានឱ្យដឹងថា ការប្រកួតអាហារអាស៊ីនេះ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ និងបានប្រកាសលទ្ធផលនៅរាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩  ដោយមានអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមាន មកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ចិនហុងកុង វៀតណាម ចិនម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ៊្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី និងប៉ាគីស្ថាន ។ នៅក្នុងកម្មវិធីប្រកួតប្រជែងនោះដែរ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន ៣០ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ។

លោកប្រធានសមាគមចុងភៅកម្ពុជា បានបញ្ជាក់ថា ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន១០មុខ រួមមាន៖ ញាំក្រូចថ្លុងបង្គារ សាច់គោអាំងទឹកប្រហុក សម្លប្រហើរ អាម៉ុកត្រី ការីសាច់មាន់ ឆាកង្កែបម្រេចកំពត ខប៉េងប៉ោះ គ្រំបំពងជ្រក់ស្វាយ បាយសម្រូបសណ្តែកខ្មែរ និងសង់ខ្យាល្ពៅ បានធ្វើឱ្យសមាគមចុងភៅកម្ពុជាទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងចុងភៅឆ្នើមអាហារអាស៊ី ( Best Asian Gourmet Challenge ) ឆ្នាំ២០១៩ ដោយទទួលបាន ពានមាស១ មេដោយមាស ប្រាក់ និងសំរឹទ្ធ សម្រាប់បុគ្គលចំនួន២៧ បន្ថែមទៀត និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប បានថ្លែងថា ជ័យលាភីទាំងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ពិតណាស់ថា តាមរយៈនៃការចូលរួមប្រកួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ ។ ដូចគ្នានេះដែរ បើយោងតាមយុទ្ធសាស្រ្តនៃការទាក់ទាញភ្ញៀវទេសចរ  ម្ហូបខ្មែរគឺជាកម្មវត្ថុមួយដែលក្រសួងទេសចរណ៍ប្រើប្រាស់យន្តការ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍បម្រើសេវាកម្មភោជនីយដ្ឋាន យកចិត្តទុកដាក់លើគុណភាពអាហារ ទាំងរសជាតិ អនាម័យ និងសោភណភាពផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យអ្នកទេសចរគេបាន​ភ្លក់ ហើយជាប់ចិត្តនឹងម្ហូបខ្មែររបស់យើង ព្រោះភ្ញៀវទេសចរភាគច្រើនដែលមកកម្សាន្តនៅកម្ពុជា គឺតែងតែចង់ភ្លក់រស់ជាតិម្ហូបខ្មែរ។

សូមបញ្ជាក់ថា សមាគមចុងភៅកម្ពុជា បានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣។ ដោយឡែកនៅក្នុងឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជា បានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូបក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស ។ ជាការកត់សម្គាល់ទៅលើលទ្ធផលនៃការប្រកួតនោះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស  ប្រាក់ និងសំរឹទ្ធ ជាច្រើននោះ ជ័យលាភីពានមាស សមាគមចុងភៅកម្ពុជាទទួលបានចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រកួតធ្វើម្ហូប( រសជាតិអាហារទន្លេមេគង្គ ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភី ប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩ ៕

ដោយ ឃុត សៅ