នាយកដ្ឋមន្ត្រីកម្ពុជាស្នើឲ្យសមាជិកគណបក្សប្រជាជនទាំងអស់រៀបចំកម្មវិធីហូបនំបញ្ចុកនៅថ្ងៃ៩មិថុនា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

សម្តេចតេជោហ៊ុនសែននាយកដ្ឋមន្ត្រីបានស្នើឲ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា ។
ការស្នើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែ មិថុនា ដោយសម្តេចមានប្រសាសន៍ថា នំបញ្ចុកស្នេហាជាតិជាយុទ្ធសាស្ត្រ របស់ក្រុមប្រឆាំងដែលចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុក គឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោបន្តថា សូមឲ្យសមាជិកសមាជិកការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិករបស់សម្ដេចថា« បើគេយកថ្ងៃទី៩ មិថុនា ជាទិវាហូបនំបញ្ចុក យើងក៏យកថ្ងៃទី៩ ខែមិថុនានេះជាថ្ងៃ ហូបនំបញ្ចុកទាំងអស់គ្នាដែល ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ »។សម្តេចតេជោបន្ថែមថា ប្រសិនបើក្រុមប្រឆាំង បង្កើតអ្វីដែលមានគំនិតជាឧទ្ធាមក្រៅច្បាប់ នោះសមាជិកគណបក្សប្រជាជនធ្វើនឹងតបទៅវិញ គឺយកបន្លាជួសបន្លា ។សម្តេចតេជោបានបញ្ជាក់ថា នំបញ្ចុកសាមគ្គីជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះទេ នំបញ្ចុកគឺជារបស់ខ្មែរ ដូច្នេះកុំយករឿងនំបញ្ចុកអោយក្លាយទៅជារឿងនយោបាយ ។
ឥលូវខ្ញុំសូមប្រកាសថា ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិកសមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយឮគេថាយកថ្ងៃ 9 ធ្វើជាតិទិវានំបញ្ចុក សូមថ្ងៃ 9នេះ សមាជិកសមាជិកាគណបក្សប្រជាជនតាមខេត្ត ថ្នាក់នាំពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុក ឲ្យសមាគចិត្តគណបក្ស ឲ្យសមាជិកគណបក្សប្រជាជន ស៊ីថ្ងៃ 9។នេះមិនមែន យកបន្លាជួសបន្លាទេ គឺយកពូថៅវ៉ៃបន្លាក្រវ៉ាត់ចោលតែម្ដង កុំអោយវាចង្រៃពេក ថ្ងៃក្រោយប្រកាសស៊ីនំគ្រក់ ប្រកាសសី្តបាញ់ឆាវៗ អាញ់ប្រកាសស៊ីបាញ់ឆែវ លើកលែងតែប្រកាសនាំគ្នាស៊ីដុំថ្ម គឺស៊ីតែពួកវាទៅ។