ភាគីវៀតណាមស្នើឱ្យសម្ដេចប្រធានរដ្ឋសភាជួយសម្របសម្រួល ក្នុងការផ្ទេរលំនៅឋានប្រជាពលរដ្ឋវៀតណាមពីលើទឹកមកលើគោក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -ភាគីវៀតណាមបានស្នើឱ្យសម្ដេចប្រធានរដ្ឋសភា ជួយស្នើទៅរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្រប ក្នុងការផ្ទេរលំនៅឋានប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹក មកលើគោកក្នុងខេត្តកំពង់ឆ្នាំង។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីរសៀលថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩បន្ទាប់ពីបានធ្វើទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងប្រទេសឡាវ ប្រកបដោយជោគជ័យ ។

           ឯកឧត្តម ឈាង វុន បាន ឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាពញាចក្រីហេង សំ  រិន ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសវៀតណាម។ ក្នុងនោះបានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវប្រធានរដ្ឋសភាវៀតណាមដោយពិភាក្សាផ្ដោតទៅលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរពិភាក្សាលើកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចសហការអន្តរជាតិ និងការពិភាក្សាលើការផ្លាស់ប្ដូរមតិយោបល់វេទិកា សភា។ នៅក្នុងជំនួបពិភាក្សាជាមួយលោក ជំទាវង្វៀង ធីគឹមង៉ាន់ ប្រធានរដ្ឋសភាវៀតណាមបានពិភាក្សាលើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ការផ្ដល់សម្ភារការិយាល័យ និងការផ្តល់ជំនួយឥតសំណងដល់សភាកម្ពុជា។

ឯកឧត្តម ឈាង វុន បានបញ្ជាក់ទៀតថា នៅក្នុងជំនួបនោះភាគីវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពន្លឿនការបោះបង្គោលព្រំដែននៃប្រទេសកម្ពុជា និងវៀតណាមឱ្យបានឆាប់ចប់ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់អភិវឌ្ឍន៍ តំបន់សន្តិភាព ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមព្រំដែនរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ឯកឧត្តម ឈាង វុន បានឱ្យដឹងទៀតថា នៅក្នុងជំនួបភាគពិភាក្សាទ្វេភាគីនោះដែរ ប្រធានរដ្ឋសភាវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជួយសម្រួលដល់ការផ្ទេរលំនៅឋានរបស់ប្រជាជនអន្តោប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំងដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាបឱ្យឡើងមករស់នៅតំបន់គោកក្នុងខេត្តកំពង់ឆ្នាំងគឺភាគីវៀតណាមបានស្នើឱ្យសម្ដេចប្រធានរដ្ឋសភាជួយស្នើទៅរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្របក្នុងការផ្ទេរលំនៅឋាននេះ។

ជាការឆ្លើយតបសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជម្រាបជូនភាគីវៀតណាមថា កម្ពុជាអនុវត្តន៍ទៅតាមច្បាប់នៃប្រទេសកម្ពុជា គឺជាការអនុវត្តច្បាប់ទូទៅច្បាប់អន្តោប្រវេសន៍ចំពោះជនបរទេសទាំងអស់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជាទាំងជនអន្តោប្រវេសន៍វៀតណាម និងជនជាតិដទៃទៀតនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានោះភាគីវៀតណាម បានស្នើដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាឱ្យជួយគាំពារដល់ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅខុសច្បាប់នៅកម្ពុជា និងសូមជួយសម្រួលឱ្យជនអន្តោប្រវេសន៍វៀតណាមទាំងនោះទទួលបានឯកសារស្នាក់នៅកម្ពុជាដោយស្របច្បាប់ឡើងវិញ ដើម្បីអនាគតជនជាតិវៀតណាមទាំងនោះទទួលបានសញ្ជាតិកម្ពុជា។សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍ដោយមិនមានករណីពិសេសសម្រាប់ជនជាតិណាមួយឡើយដែលកំពុងរស់នៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនោះដែរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រធានរដ្ឋសភាវៀតណាម គឺការដោះដូរទស្សនកិច្ចរដ្ឋសភានៃប្រទេសទាំងពីរ និងគណៈកម្មការយេនឌ័ររដ្ឋសភានៃប្រទេសទាំងពីរ ឱ្យមានទំនាក់ទំនងល្អជាមួយគ្នា។

ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឯប្រទេសឡាវពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩  សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ និងជួបពិភាក្សាជាមួយប្រធានរដ្ឋឡាវ នៅក្នុងជំនួបទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនិងរវាងរដ្ឋសភាកម្ពុជា និងពិភាក្សាទៅលើកិច្ចការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ(កម្ដុជា-ឡាវ)ឱ្យបានឆាប់រួមទាំងការពិភាក្សាលើការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសទាំងពីរផងដែរ៕

ដោយ ប៉ាល់ សុង