សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមាជិក សមាជិកាគណបក្សប្រជាជាជនកម្ពុជា​ទូទាំង​ប្រទេសយកថ្ងៃទី០៩ ខែមិថុនាខាងមុខ ជួបជុំហូបនំបញ្ចុកទាំងអស់គ្នា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ស្នើឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី០៩ ខែមិថុនា​ខាង មុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា។ ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ​ធ្វើ​ឡើង ដើម្បីឆ្លើយតបទៅកាន់ក្រុមប្រឆាំងដែលបានប្រកាសកើនអ្នកគាំទ្រខ្លួនធ្វើទិវា ០៩ ខែ​មិថុនា ខាងមុខ ជាថ្ងៃហូបនំបញ្ចុក។

ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សាចំនួន៣.១៦១នាក់ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍​កោះ​ពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា នំបញ្ចុកស្នេហាជាតិ ជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងដែលចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុកគឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោបានស្នើឱ្យសមាជិកសមាជិកាគណបក្ស ប្រជា ជនទាំងអស់យកថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ បើកវេទិកាហូបនំបញ្ចុកនៅទូទាំងប្រទេស។

សម្តេចតេជោគូសបញ្ជាក់ថា “បើគេយកថ្ងៃទី០៩មិថុនាជាទិវាស៊ីនំបញ្ចុក យើងក៏យក ថ្ងៃទី០៩ នឹងហូបនំបញ្ចុកទាំងអស់គ្នា ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ។ ប្រសិនបើគេ​(ក្រុម ប្រឆាំង) បង្កើតអ្វីដែលមានគំនិតជាឧទ្ទាមក្រៅច្បាប់ សមាជិកគណបក្សប្រជាជនធ្វើ និងតប (បន្លាជួសបន្លា)តែលើកលែងតែក្រុមប្រឆំាងនាំគ្នាស៊ីដុំថ្ម យើងមិនធ្វើតាមទេ គឺទុកឱ្យក្រុមនឹង ស៊ីចុះ។” សម្តេចតេជោបានបន្ថែមថា​ នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិទាំង​អស់គ្នា មិន​មែននំបញ្ចុកបែកបាក់ជាតិនោះទេ ដែលការរៀបចំធ្វើនេះ ដើម្បីចង់ឱ្យជាតិមាន​ភាពរីកចម្រើន៕

ដោយ ប៊ុនរិទ្ធ