សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកថវិការ ៣៥.០០០ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ជ័យវរ្ម័នទី៧

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកថវិការចំ​នួន ៣៥.០០០ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ ជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប ដែលការប្រគល់ជូននូវថវិកាទាំងនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃទិវាកុមារអន្តរជាតិ ក្រោមការដឹកនាំ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកជំទា វរួមទាំងសហការី។

នៅក្នុងពិធីប្រគល់ថវិកានោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ការផ្តល់ជូននូវថវិកាទាំងនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ហើយក៏ជាឆ្នាំលើកទី៥ផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ថវិកានេះគឺទទួលបានពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៦៥ ក្រោមប្រធានបទ «​ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា » ក្នុងការទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលកុមារ និងស្ត្រីកម្ពុជា ជាពិសេសលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិក និងជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នា បានហៅលោកថា ជាគ្រូពេទ្យទេវតា ដោយបានព្យាបាលជំងឺមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។ ទោះបីជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានលាចាកលោកយើងក៏ពិតមែន តែក៏មានគ្រូពេទ្យចំណានៗបានបន្តដើមី្បសង្រ្គោះអាយុជីវិតកុមារកម្ពុជាយើង។ ម៉្យាងទៀតនេះក៏ជាកាយវិការដ៏សប្បុរសធម៌របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការរួមចំណែកទ្រ ទ្រង់សុខភាពមាតា និងកុមារកម្ពុជាយើង។ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនៅតែបន្តគាំទ្រសេវាព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាដោយឥតមានពេលបញ្ចប់ឡើយ។

យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានឱ្យដឹងថា អ្នកជំងឺដែលបានមកទទួលសេវាពិនិត្យព្យាបាលក្នុងមួយថ្ងៃៗ ចាប់ពី ៦០០ទៅ៨០០នាក់។ ម៉្យាងទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ នេះបច្ចុប្បន្នមានគ្រូពេទ្យ បុគ្គ លិក កម្មករ និងសន្តិសុខបម្រើការងារចំនួន ១.២២៤នាក់។

លោក យ៉ៃ ចន្ទនា បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១៩នេះ មន្ទីរពេទ្យបានទទួលពិគ្រោះជំងឺកុមារបានចំនួន ១៤៤.៨៤៩នាក់ និងទទួលសម្រាល និងព្យាបាលនៅក្នុងមន្ទីរពេទ្យបានចំនួន ៣៣.៥៩៦នាក់ មានការកើនឡើង ២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ៕

ដោយ ហង្ស​ សៀក