រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសុំឱ្យអាជ្ញាធរ និងគ្រប់អង្គភាពស្ថាប័នរដ្ឋ សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -ថ្លែងបិទសិក្ខាសាលាស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរ និងស្ថាប័នរដ្ឋមួយចំនួនមិនទាន់បាន​ឆ្លើយតបទៅអ្នកសារព័ត៌មានឱ្យបានទូលំទូលាយនៅឡើយទេ ដោយស្ថាប័នខ្លះចេះតែគេចវេសពីអ្នកសារព័ត៌មាន នៅពេលដែលអ្នកសារព័ត៌មានទាក់ ទងសួរអំពីបញ្ហាដែលកើតមាននៅក្នុងស្ថាប័នរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពស្ថាប័នរបស់រដ្ឋទាំងអស់ សូមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ឱ្យបានទាន់ពេលវេលា ដោយផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់លាក់ កុំភូតកុហក ថ្វីត្បិតតែជាការងារស្មុគស្មាញ ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើមិនដូច្នោះទេ គេនឹងធ្វើការស្មាន ហើយការស្មាននេះ នឹងធ្វើឱ្យព័ត៌មានហ្នឹងវាអាចនឹងខុស ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅសតវត្សរ៍​ទី២១​នេះ ជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាពដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វេសប៊ុក ធ្វីធ័រ និង យូធូប ជាដើម។ ដូច្នេះអ្នកមើល និង អ្នកអាន គាត់មានជម្រើសច្រើន អាចបែងចែកខុស និងត្រូវបាន សម្រាប់​ការតាមដាននូវរាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗទាំងនៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើពិភពលោក ខណៈពេលបច្ចប្បន្ននេះ ការផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម​ហ្វេសប៊ុក មានភាពទូលំទូលាយជាងគេ ហើយអ្នកសារព័ត៌មាន គាត់មានតែទូរស័ព្ទស្មាតហ្វូនមួយ គាត់អាចធ្វើការផ្សាយបានភ្លាមៗ អំពីព្រឹត្តិការណ៍នោះ។ ហេតុនេះនៅក្នុងសង្គមប្រជាធិប​តេយ្យ ការឆក់យកបេះដូង និង ខួរក្បាលរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ជាពិសេសត្រូវអត់ធ្មត់ឱ្យបានខ្លាំងបំផុត ដើម្បីពន្យល់គេ និង ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍បន្ថែមទៀតថា ស្ថាប័នរបស់រដ្ឋ និងអ្នកសារព័ត៌មាន ត្រូវមានទំនាក់ទំនងជាមួយគ្នាឱ្យបានល្អ ព្រោះថា នៅពេលមានព័ត៌មានបន្លំ ឬព័ត៌មានក្លែង​ក្លាយ ត្រូវតែឆ្លើយតបឱ្យបានលឿន កុំយកកំហឹងទល់កំហល់ សំខាន់ត្រូវរកអ្នកដែលចេះនិយាយជាមួយអ្នកសារព័ត៌មាន ហើយត្រូវអត់ធ្មត់ពន្យល់គេ ខណៈដែលមានអង្គភាព ឬអ្នកសារព័ត៌មានមួយចំនួន ផ្សាយខុសពីការពិត ឬនិយាយអាក្រក់ពីយើង យើងត្រូវតែឆ្លើយបំភ្លឺភ្លាមៗ ដល់ពេលយូរទៅអ្នកដែលកុហក និង បំប៉ោងរឿង គាត់នឹងរអាខ្លួនឯង។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានចំណេះចំនួន៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាន​មានប្រសាសន៍ថា អ្នកសារព័ត៌មានពិតជាដើរតួនាទីសំខាន់ជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គមជាតិ ប៉ុន្តែឯកឧត្តមបានស្នើឱ្យ អ្នកសារព័ត៌មានធ្វើការរិះគន់ណាមួយក្នុងន័យស្ថាបនា ក្នុងកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរ កុំរិះគន់បែបវាយប្រហារធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លែថ្នូរ ទោះក្នុងស្ថាប័នរដ្ឋក្តី និងឯកជនក្តី៕​ ដោយ   ឃុត សៅ