សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៣.០០០ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ចំនួន ៣,១៦១នាក់ ។


ពិធីនេះ បានប្រារព្វធ្វើនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសុន្ទរកថាស្វាគមន៍ឱ្យដឹងថា និស្សិតជ័យលាភីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់សរុប៣,១៦១នាក់ (ស្រី ១,៤៨៨) នេះ គឺមាននិស្សិតទទួលបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៤៤រូប (ស្រី៤៩រូប)។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា សា កលវិទ្យាល័យមានឆន្ទៈមោះមុតក្នុងការកែទម្រង់សំដៅ ១)លើកកម្ពស់ជីវភាពនិងសមត្ថភាពសាស្ត្រាចារ្យព្រៃនិងបុគ្គលិក ២)លើកកម្ពស់គុណភាពសិក្សារបស់និស្សិត ៣) ជំរុញសកម្ម ភាពរៀននិងបង្រៀនឲ្យប្រសើរជាងមុន ៤ជំរុញការស្រាវជ្រាវឲ្យកាន់តែទូលំទូលាយនិងមាន គុណភាពជាងមុន ៥)បង្កើនសកម្មភាពចុះជួយសហគមន៍ឲ្យកាន់តែជិតដិតនិងទូលំទូលាយជាមុន ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង។
ឯ.ឧ បានឲ្យដឹងទៀតថា គិតតាំង ពីបង្កើតឡើងពីឆ្នាំ១៩៨០ រហូតដល់ពេលនេះ សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ(RUPP) បានទទួលការផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដោយ សម្តេចតេជោ ហ៊ុន សែន ជូនដល់និស្សិតបញ្ចប់ការសិក្សា ចំនួន២២លើករួចមកហើយ ដែលលើកនេះ ជាលើកទី២៣។
គិតចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាននិស្សិតចំនួន ៤៧,៦៨៥នាក់ហើយ ដែលបានបញ្ចប់ការសិក្សា ក្នុងនោះក៏មានស្រី ១៧,០៣៧នាក់ផងដែរ។ បច្ចុប្បន្ន RUPP ក៏កំពុងមាននិស្សិតកំពុងសិក្សា ២១,៦៦៩នាក់ (ស្រី ១០,៩៤៨)៕