សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តហ្លួងផែង

AKP បាត់ដំបង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តហ្លួងផែង ស្ថិតនៅ ឃុំគោគឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំងជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពុទ្ធបរិស័ទ លោកគ្រួ អ្នកគ្រួ សិស្សា នុសិស្សយ៉ាងច្រើនកុះករ ។

សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ រួមមាន៖ ស្រះទឹក ទំហំ បណ្តោយ ៣៥ម៉ែត្រ ទទឹង ២៣ម៉ែត្រ និង ជម្រៅ ៣ម៉ែត្រ ជួសជុល និង ពង្រីកសាលាធម្មសភាមានទំហំ បណ្តោយ ២៦ម៉ែត្រ និងទទឹង ១៥ម៉ែត្រ កសាងបុស្បុកតម្កល់ព្រះពុទ្ធរូប   កសាងប្រាង្គសម្រាប់ប្រគេនព្រះសង្ឃ កសាងពិដានសាលាធម្មសភា កសាងព្រះពុទ្ធបដិមាធ្វើពីថ្មភក់ កសាងខឿន ជួសជុលកុដិ រៀបចំបន្ទប់សម្រាប់ប្រគេនព្រះសង្ឃគង់ ។ បច្ច័យដែលកសាងសមិទ្ធផលទាំងនោះ បានមកពីការចូលរួមពីរបស់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូល   ដ្ឋានស្រុកថ្មគោល សប្បុរសជន ក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទចំណុះជើងវត្ត ។

ក្នុងពិធីសម្ពោធនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា​ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេស ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែរក្សា ការពារសមិទ្ធផលទាំងនេះឱ្យនៅគង់វង្ស ដើម្បីបម្រើឱ្យផលប្រយោជន៍ទាំងវិស័យព្រះពុទ្ធចក្រ និងអាណាចក្រ ។

ក្នុងពិធីនោះសម្តេចក្រឡាហោម ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការ សប្បុរសជនក្នុង និង ក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនានាក្នុងវវត្តហ្លួងផែង ផងដែរ ៕

ដោយ ណយ នឿន(ប្រភព រដ្ឋបាលខេត្តបាត់ដំបង)