ប្រមុខរាជរដ្ឋាភិបាល អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញជាង៣.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ -និសិ្សតចំនួន៣.១៦១នាក់ នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេ​ញ​ដែលបានបញ្ចប់ការសិក្សា នាពេលកន្លងមក បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា ពីសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​សន្និ​បាត និងពិព័រណ៍ កោះពេជ្រ។​

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បាន​ឱ្យ​ដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋដែលមានតួនាទីដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ស្រប​តា​​មគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន និ​ស្សិ​តដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ៤៧.៦៨៥នាក់ នារី៥.៤០២នាក់ ត្រូវជា ៣៥.៧ភាគរយ ​ក្នុងនោះ​មាននិស្សិតអាហារូបករណ៍ ចំនួន ១.៨៥៦នាក់។ ទន្ទឹមនេះ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ និ​ស្សិត​កំពុងសិក្សាមាន​ចំនួន​សរុប២១.៦៦៩នាក់ ក្នុងនារី ១០.៩៨៤នាក់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ដថា សាកលវិទ្យាល័យបានធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដោយបាន ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ​ជា​ដៃ​គូចំនួន ២៨ និងកំពុងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័ន​ផ្សេ​ង​ៗ​ចំនួន ១៤៨ ទូទាំងពិភពលោកណដើម្បីធ្វើការផ្លាស់ប្ដូរនិស្សិតនិងសាស្ត្រាចារ្យ លើការ​ងារ​សិ​ក្សា ការងារបង្រៀន និងការងារស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្ដែង នៃកម្មវិធីសិក្សា​នី​មួយ​ៗ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមថា គិតតាំងពីបង្កើតឡើងពីឆ្នាំ១៩៨០ រហូតដល់​ពេល​នេះ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលការផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដោយ ស​ម្តេច​​តេជោ ហ៊ុន សែន ជូនដល់និស្សិតបញ្ចប់ការសិក្សា ចំនួន២២លើករួចមកហើយ ដែល​លើ​ក​​នេះ ក៏ជាលើកទី២៣ផងដែរ៕

ដោយ ជឹម ណារី