គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយសម្តេចប្រធានរដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍មកដល់​មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្ត​ភាព រយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩​នៅប្រទេស​វៀតណាម និងប្រទេសឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស ប្រកបដោយសុវត្ថិភាព។

ឯកឧត្ដម ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មកិច្ចការបរទេស សហប្រតិ​បត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយពេលមកដល់ថា ដំណើរទស្សនកិច្ចនៅ​ក្រៅប្រទេសរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក​ជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម​និយមវៀតណាម  និងលោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហ​ប្រតិ​បត្តិការ ជាប្រពៃណី ដែលមានតំាងពីយូរណាស់មកហើយនោះ កាន់តែរឹងមាំនិងគ្រប់ជ្រុង​ជ្រោយបន្ថែមទៀត ពិសេសនៅក្នុងក្របខ័ណ្ឌរដ្ឋសភានិងរដ្ឋសភា៕

ដោយ ប៉ាល់ ​សុង