អគ្គនាយកគយ និងរដ្ឋាករកម្ពុជា៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមក្នុងកម្មវិធី​សន្តិសុខ​អន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំងភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​​​នៃ​​​អគ្គនាយក​ដ្ឋានគយ​​​ និង​​​រដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីលទ្ធផល និងបទពិសោធន៍នៃការ​អនុវត្ត​គម្រោង “សន្តិ​សុខអាស៊ីប៉ាស៊ីហ្វិក” ដោយរដ្ឋបាលគយកម្ពុជា ហើយកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុង​ការបន្តចូលរួម​ក្នុងកម្មវិធីសន្តិសុខអន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំង​​ភេរវ ​កម្ម ដើម្បីពង្រឹង​សន្តិសុខជាតិ តំបន់ និងពិភពលោក។ ការលើកឡើងនេះ ក្នុងការអញ្ជើញ​ចូលរួមសន្និសីទ សន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ស្តីពី “គំនិតផ្តួច​ផ្តើមប្រឆាំងនឹង​​អំពើភេរវកម្ម” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង​ក្យូតូ ប្រទេស ជប៉ុន ដោយមានការ​ចូលរួម​ពីគណៈប្រតិភូ​គយ​នៃ​ប្រទេសជាសមាជិករបស់​អង្គការ គយពិភព លោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងតំណាងគយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស អង្គការគយពិភពលោក  និងអង្គការអន្តរជាតិមួយចំនួនដូចជា UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ក្នុងបរិបទនៃការគំរាមកំហែងជាសកល​ដោយអំពើភរវកម្ម រដ្ឋបាលគយកម្ពុជាមិនត្រឹមតែខិតខំប្រមូលចំណូលពន្ធ​និងអាករចូលថវិកា​ជាតិតែប៉ុណ្ណោះទេ, ការងារសន្តិសុខក៏ជាផ្នែកមួយដ៏សំខាន់ក្នុងសរសរស្ដម្ភ​ទាំងបួននៃយុទ្ធ​សាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ របស់គយកម្ពុជាផងដែរ ហើយការ​ចូល​រួមអនុវត្តន៍គម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ក៏ជាផ្នែកមួយនៃការអនុវត្តកម្មវិធីការងារ “ពង្រឹងសន្តិសុខ” របស់គយកម្ពុជា ដែលការងារនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការទាំង​ក្នុង​ក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្តមក៏បានបញ្ជាក់អំពី​កិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេស​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។ ជាក់​​ស្ដែង​រាជរដ្ឋាភិបាលបានដាក់ចេញនូវ  “យុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម២០១៩-២០២៣” ដែលក្នុងនោះមានការងារជា​ច្រើនត្រូវអនុវត្តន៍ដោយ​រដ្ឋ​បាលគយកម្ពុជា។

​​ លោក Kunio Mikuriya  អគ្គលេខាធិការនៃអង្គការគយពិភពលោក បានលើកឡើង​ពីការវិវត្ត​​គំនិតផ្ដួចផ្ដើមសន្តិសុខរបស់ WCO ដែលបានចាប់ផ្តើមពីកម្មវិធីក្របខណ្ឌស្តង់ដារ​សន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ, កម្មវិធីសន្តិសុខជាសកលនៃការដឹកជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។ លោកក៏បានលើកឡើងបន្ថែមអំពីសេចក្ដី​សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងកិច្ចប្រជុំ G7 ដែលបានអនុម័ត​កម្មវិធីពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មនៅក្នុងពិភពលោក ហើយអង្គការគយពិភពលោក​មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តសេចក្ដីសម្រេច និងកម្មវិធីទាំងនោះ។ ជាក់ស្ដែង នៅឆ្នាំ២០១៧ ដោយមានការឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលជប៉ុន (ប្រមាណ៧.២៥ លាន​ដុល្លារអាម៉េរិក) អង្គការគយពិភពលោកបានចាប់ផ្តើមអនុវត្តន៍គម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ដោយបានផ្ដល់ការហ្វឹកហ្វឺន បំពាក់ឧបករណ៍ និងការកសាងសមត្ថភាពដល់​រដ្ឋ​បាលគយចូលរួមក្នុងគម្រោងនេះ។ លោកក៏បានសន្និដ្ឋានដែរថា គម្រោងសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក អាចទទួលបានជោគជ័យទៅបាន ទាល់តែមានការ​ចូលរួមយ៉ាងសកម្មរបស់​រដ្ឋបាលគយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថាប័នអន្តរជាតិពាក់​ព័ន្ធ​ផងដែរ។

លោក Motoya Nakae អគ្គនាយកគយជប៉ុន ក៏បានថ្លែងសុន្ទរកថា ស្វាគមន៍អ្នកចូលរួម​ទាំងអស់ និងសម្តែងអំណរគុណចំពោះ WCO ដែលបានសហការរៀបចំ​សន្និសីទដ៏មាន​សារៈសំខាន់នេះឡើង ដើម្បីបូកសរុបលទ្ធផលការអនុវត្តគម្រោងផង និងចែករំលែក និង​ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” នេះផង។ លោកបាន​បន្ថែមថា តួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មកាន់តែលេចធ្លោ ហើយ​ត្រូវបន្តពង្រឹង និងពង្រីកតួនាទីនេះថែមទៀតដើម្បីឆ្លើយតបនឹងការមិនថយចុះនៃ​អំពើភរវ​កម្ម។ លោកបន្តទៀតថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ និងព្រឹត្តិការណ៍​សំខាន់ៗមួយចំនួនដូចជាកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ និងកីឡាអូឡាំពិក​ នៅទី​ក្រុងតូក្យូ ក្នុងឆ្នាំ​២០២០ ហើយបានគូសបញ្ជាក់ថា សន្និសីទស្ដីពីសន្តិសុខនេះ គឺជាឱកាស ដ៏ប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុង ការទប់ស្កាត់, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារសន្តិសុខនៅក្នុងប្រទេស និងសកល​លោក ។​

ជាមួយគ្នានេះដែរ អង្គសន្និសីទបានស្ដាប់បទបង្ហាញ និងពិភាក្សាយ៉ាងផុសផុលលើ​ប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ បរិយាកាសសន្តិសុខជាសកល, ការគំរាមកំហែង​សន្តិសុខ និងតួនាទីរបស់រដ្ឋបាលគយ, ការតាមដាន និងផ្លាស់ប្ដូរពត៌មានសម្ងាត់នៃសកម្មភាព​របស់ភេរវករ, ការបំបែកនូវខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងបន្សំអាវុធ ឬគ្រឿងបំផ្ទុះបម្រើសកម្មភាព​ភេរវកម្ម, ការគ្រប់គ្រងនិងត្រួតពិនិត្យព្រំដែនដើម្បីពង្រឹងសន្តិសុខ និងចក្ខុវិស័យសម្រាប់​អនាគតនៃតួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភរវកម្ម ជាដើម ។

គួរបញ្ជាក់ថា ក្រោមគម្រោង “សន្តិសុខអាស៊ីប៉ាស៊ីហ្វិក” ក្រៅពីការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងការទប់ស្កាត់អំពើភេរវកម្ម រដ្ឋបាលគយកម្ពុជាក៏បានទទួល​ឧបករណ៍ និងសម្ភារមួយចំនួនពីអង្គការគយពិភពលោក ហើយឧបករណ៍ និងសម្ភារ​ទាំងនោះ​បានដាក់ឱ្យប្រើប្រាស់នៅមាត់ច្រកសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ អ៊ុង ហុងលៀង