គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បាននិវត្តន៍មកដល់មាតុប្រទេសវិញបន្ទាប់ពីបានទស្សនកិច្ចនៅប្រទេសវៀតណាមនិងឡាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖
សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយភាពជោគជ័យ នៅល្ងាចថ្ងៃទី១​ ខែមិថុនាឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ ពីថ្ងៃទី២៨​ ដល់ថ្ងៃទី៣០​ ខែឧសភាឆ្នាំ២០១៩ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ពីថ្ងៃទី៣០​ ខែឧសភា​ ដល់ថ្ងៃទី១​ ខែមិថុនាឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងលោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតំាងពីយូរណាស់មកហើយនោះ កាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ពិសេសនៅក្នុងក្របខណ្ឌរដ្ឋសភានិងរដ្ឋសភា។