ខេត្តឧត្តរមានជ័យ ប្រារព្ធទិវាកុមារអន្តរជាតិ០១ មិថុនា ឆ្នាំ២០១៩

AKP ឧត្តរមានជ័យ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩​  — ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ចើញជា អធិបតីភាពទិវាកុមារអន្តរជាតិ០១មិថុនា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាក៥ ស្ថិតសង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសៅរិ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ចើញចូលរួម មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុប​ចំនួន១.៥០០នាក់ ។ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើង​ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​មហាវិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​រ​ឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុលពត បាន​កាប់សម្លាប់​ប្រជាជន កុមារ​រាប់លាន​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់ ។ ជាមួយគ្នានេះ កុមារ​កម្ពុជា​ជាច្រើន​នាក់ បាន​ស្លាប់​ដោយសារ​កង្វះ​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល កុមារ​ខ្លះទៀត​រស់នៅ​ដោយ​ក្តី​លំបាក​វេទនា ព្រាត់​ប្រាស់​ឪពុកម្តាយ រង​ទារុណកម្ម អំពើ​ហិង្សា និង​ត្រូវបាន​គេ​បង្ខំឱ្យ​ធ្វើការ​ដូច​អ្នកទោស។ ឯកឧត្ដមបានបន្ដថា ចាប់តំាងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩មក ប្រទេស​កម្ពុជា​យើង​ត្រូវបាន​រួច​ផុតពី​របប​កាប់សម្លាប់ ប៉ុល ពត ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព ជាពិសេស​សិទ្ធិ​កុមារ​កម្ពុជា ត្រូវបាន​លើកកម្ពស់ឡើង។ អត្រាមរណ​ភាព​របស់​កុមារ​មានការ​ថយចុះ ការចុះ​ឈ្មោះ​ចូលរៀន​មានការ​កើនឡើង ថែមទំាង​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​ទំាងបួន​របស់​កុមារ​ដូចជា សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សិទ្ធិ​ចូលរួម ។ឯកឧត្តម​អភិបាលកខេត្ដបន្ដថា បើ​ចង់​ឱ្យ​ទំពាំង​ស្នង​ឬស្សី​ទៅបាន លុះត្រាតែ​ទំពាំង​ទាំងនោះ​គឺជា​ទំពាំង​ល្អ​ប្រកបដោយ​ជីវជាតិ ហេតុដូច្នេះ​យើង​ត្រូវតែ នាំគ្នា​ថែទាំ​ដាក់ជី ជ្រោយ​ដី និង​ស្រោច​ទឹក​វា​ឱ្យ​ល្អ ទើប​អាច​ស្នង​ទៅជា​ឬស្សី​បានល្អ ។ ឯកឧត្តមបាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ចិញ្ចឹម​បីបាច់​ថែរក្សា អប់រំ និង​ធ្វើពលកម្ម​គ្រប់បែបយ៉ាង ប្រកបដោយ​ព្រហ្មវិហារ​ធម៌ របស់​មាតាបិតា អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះ​បុត្រ​ធីតា និង​សិស្សានុសិស្ស​របស់​យើង ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចែកអំណោយជាសម្ភារសិក្សា មានប៊ិច សៀវភៅ និងថវិកាមួយចំនួនដល់សិស្សក្រីក្ររចំនួន១០០នាក់ មកពីរសាលាបឋមសិក្សា​ចំនួន៤ រួមមាន សាលាបឋមសិក្សាសំរោង៥០នាក់ សាលាបឋមសិក្សាគោកគរ២០នាក់ បឋម​សិក្សា​ដូនកែនភ្នៀត ២០នាក់ បឋមសិក្សាហ៊ុនសែនឈូក១០នាក់ផងដែរ ៕

ដោយ ទិត ស្រ៊