ក្រុមហ៊ុន​ជីនប៉ី​គ្រុប​ នាំ​យក​អាវ​ក្រោះ​ចំនួន ១០០អាវ ជូនដល់នគរបាលខេត្តព្រះសីហនុ

AKP ​ព្រះសីហនុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ — ក្រុមហ៊ុនជីនប៉ីគ្រុប បាននាំយកអាវក្រោះការពារខ្លួនចំនួន​១០០អាវ ​ឧបត្ថម្ភជូន​ដល់​កងកម្លាំងនគរបាលខេត្តព្រះសីហនុ ដើម្បី​ប្រើ​ប្រាស់​ពាក់​ការ​ពារ​ខ្លួន​ ក្នុង​ពេល​ចេញ​ធ្វើ​អន្តរា​គមន៍ ឬប្រតិបត្តិ​ការ​ការពារ​ ថែរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ​ក្នុង​ខេត្ត​ព្រះសីហនុ។​ ការប្រគល់នេះ ធ្វើឡើងនាព្រឹកថ្ងៃសៅរ ១៤រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ។ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុ​ណក្រុម​ហ៊ុន​ ជីនប៉ី ដែលជាក្រុមហ៊ុនវិនិយោគស្របច្បាប់ធំមួយនៅខេត្តព្រះសីហនុ កន្លង​មក​ក្រុមមហ៊ុន តែងតែបានយកជំនួយឧបត្ថម្ភជាសម្ភារប្រើប្រាស់ជាបន្តបន្ទាប់​ ជូន​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ តាម​ការ​ស្នើ​សុំ​របស់​គណៈ​ស្នងការខេត្ត​។ លោកឧត្តមសេនីយ៍​ទោ បន្តថា អាវក្រោះទាំងអស់នេះ នឹងធ្វើការបែងចែកទៅកងកម្លាំងប្រចាំការ ប្រចាំបញ្ជា​​នៅ​តាមស្នាក់ការគោលដៅ ដើម្បីចេញទៅបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាពសា​ធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេង​កម្សាន្តខេត្តព្រះសីហនុ។ លោកសង្ឃឹមថា ក្រុមហ៊ុន ជីនប៉ីគ្រុប នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហន បន្ត​ទៀត ដើម្បីមានសម្ភារ និងមធ្យោបាយគ្រប់គ្រាន់ក្នុងការចេញបេសកកម្មបង្ការ បង្ក្រាបទប់​ស្កាត់បទល្មើសក្នុងមូលដ្ឋានបានទាន់ពេលវេលា ៕

ដោយ ងូ សុមុនី