មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានផ្ដល់អំណោយសប្បុរសធម៌ ជូនពលរដ្ឋខ្មែរឥស្លាម ស្ដ្រីមេម៉ាយ​ក្រីក្រ និងកុមាកំព្រា១២០នាក់ នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ​​បាន​អញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខចាស់ ចែកអំណោយសប្បុរសធម៌ ជូនបងប្អូនប្រជា​ពល​រដ្ឋខ្មែរឥស្លាមជនចាស់ជរា និងកុមារកំព្រា ស្រ្តីមេម៉ាយចំនួន១២០នាក់ នៅឃុំបឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងបានពាំនាំថវិកា Zakat ដែលជាថវិកាបានមកពីកាតព្វកិច្ច នៃការដកពន្ធ២.៥ភាគរយក្នុងសាសនាឥស្លាម  ជារបស់មិត្តភ័ក្ត មកពីប្រទេសសិង្ហបុរី រួមជា​មួយនឹងថវិកាផ្ទាល់ខ្លួន ដោយ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម កៅ អ៊ឹមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានលើកឡើងពី​ការយក​ចិត្តទុកដាក់ខ្ពស់ និងខ្វាយខ្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះប្រជាពលរដ្ឋ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្ដទុកដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ​កម្ពុជាជាទូទៅមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនាអ្វីឡើយ។ ឯកឧត្តម​ក៏បានរំលេចអំពីការបរិច្ចាកទ្រព្យ Zakat គឺជាកាតព្វកិច្ខរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ព្រោះវាជាមូលដ្ឋានមួយ ក្នុងមូលដ្ឋានគ្រឹះទាំង៥របស់សាសនាឥស្លាម ហេតុនេះបងប្អូនដែល​មាន​លទ្ធភាពចូរចាប់ផ្តើមអនុវត្តន៍ពីខ្លួនយើងតិចក្តីច្រើនក្តី ដើម្បីជំរុញដល់អ្នកឯទៀតងាក​មកទទួលយកវប្បធម៌ចែករំលែកដ៏ល្អនេះ។ ជាមួយគ្នានេះ ដើម្បីយើងចូលរួមទាំងអស់គ្នា ខ្វាយខ្វល់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង និងចូលរួម​លើក​ស្ទួយការកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាល ៕

ដោយ សួស សំរិត