កុមារីពិការភ្នែកម្នាក់នៅខេត្តសៀមរាប​ បាន​លើកឡើងថា មានឪពុក ម្តាយហូបបាយជាមួយ​ទោះហូប​ជាមួយអំបិលក៏ឆ្ងាញ់ដែរ

AKP សៀមរាប ​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ — ថ្លែង​នៅក្នុងពិធីអបអរខួបលើកទី៧០ទិវាសិទ្ធិកុមារអន្តរជាតិ១មិថុនាឆ្នាំ២០១៩ នៅខេត្តសៀមរាប នា​ព្រឹកថ្ងៃទី​០១ខែមិថុនានេះ កុមារី លន់ សុវណ្ណលុច ជាកុមារពិការភ្នែក ទាំង​ពីរ បាន​លើកឡើងថា កុមារគ្រប់រូបមិនចង់បាត់បង់ឪពុកម្តាយក្លាយជាកុមារកំព្រានោះទេ ព្រោះកុមារ​កំព្រាគ្មានភាពកក់ក្តៅ ការរស់នៅ​គ្មានសុភមង្គល។ កុមារីរូបនេះលើកឡើងថា សម្រាប់ខ្លួនផ្ទាល់​ បើមានឪពុកម្តាយហូបបាយជាមួយទោះហូបជាមួយអំបិលក៏ឆ្ងាញ់ដែរ។ ជាមួយគ្នានេះ កុមារី លន់ សុវណ្ណលុច ក៏បាន​ថ្លែង​អំណរគុណចំពោះរាជរដ្ឋាភិបាល​កម្ពុជាជា​ពិសេសអាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែលតែងតែលើកកម្ពស់សិទ្ធិកុមារ ជាពិសេសកុមារកំព្រា ដោយបានផ្តល់​ឱកាសឱ្យកុមារបានចុះឈ្មោះ​ចូលរៀនគ្រប់ៗគ្នា។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​មហាវិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​រ​ឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​កាប់សម្លាប់​ប្រជាជន កុមារ​រាប់លាន​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់។ ឯកឧត្ដមបានបញ្ជាក់ថា កុមារ​កម្ពុជា​ជាច្រើន​នាក់ បាន​ស្លាប់​ដោយសារ​កង្វះ​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល កុមារ​ខ្លះទៀត​រស់នៅ​ដោយ​ក្តី​លំបាក​វេទនា ព្រាត់​ប្រាស់​ឪពុកម្តាយ រង​ទារុណកម្ម អំពើ​ហិង្សា និង​ត្រូវបាន​គេ​បង្ខំឱ្យ​ធ្វើការ​ដូច​ទាសករ។ ប៉ុន្តែចាប់តំាងពី​ថ្ងៃ​ ​រំដោះ ៧ មករា ១៩៧៩ មក ប្រទេស​កម្ពុជា​យើង​ត្រូវបាន​រួច​ផុតពី​របប​កាប់សម្លាប់ ប៉ុល ពត ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព ជាពិសេស​សិទ្ធិ​កុមារ​កម្ពុជា ត្រូវបាន​លើកកម្ពស់ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា អត្រាមរណភាព​របស់​កុមារ​មានការ​ថយចុះ ការចុះឈ្មោះ​ចូលរៀន​របស់កុមារមានការ​កើន​ឡើង ថែមទំាង​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​ទំាងបួន​របស់​កុមារ​រួមមាន សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សិទ្ធិ​ចូលរួម ។

ឯកឧត្តម​រដ្ឋមន្រ្ដីក៏បានបង្ហាញពីការអាណិតអាសូរចំពោះកុមារកំព្រាទាំងអស់ ជាពិ​សេសការលើកឡើងរបស់កុមារីពិការភ្នែកថា “បើមានឪពុកម្តាយហូបបាយជាមួយទោះ​ហូបជាមួយអំបិលក៏ឆ្ងាញ់ដែរ”ដែលនេះជាសារដ៍សំខាន់មួយក្នុងជំរុញឱ្យមានការយកចិត្តទុកដាក់ទៅ​លើកុមារ​កំព្រាឱ្យកាន់ច្រើន។

ឯកឧត្តមឧកញ៉ា សុខ ចំរើន អគ្គនាយកស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ​បាន​ឱ្យដឹងថា ដើម្បីជាការអបអរទិវាសិទ្ធិកុមារអន្តរជាតិ១មិថុនានេះ ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ​តែងតែ​ប្រារព្ធឡើងជារាងរាល់ឆ្នំា ហើយនៅក្នុងពិធីនេះក៏មានការ​​រៀបចំ​ជាម្ហូបអាហារ​សម្រាប់ឱ្យ​កុមារ​ទទួល​ទាន់​រួម​គ្នា។ លោកឧកញ៉ាបានបន្ដថា ​នៅ​ក្នុងកម្មវិធី​នេះ​ គឺ​ចង់​បង្ហាញ​ថា យើង​ទំាង​អស់​គ្នា​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កុមារដូចជាការថែរក្សាជំរុញឱ្យកុមារទាំងអស់ មានការអភិវឌ្ឍដើម្បីក្លាយជាយុវជនល្អ ជាពលរដ្ឋល្អរបស់សង្គមជាតិទៅអនាគត ។

ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​បានលើកឡើងថា  ប្រទេសកម្ពុជាយើង ធ្លាប់បានជួបសង្គ្រាមរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យបំផ្លិចបំផ្លាញប្រទេសជាតិដែលពេល នោះ​សិទ្ធិកុមារត្រូវបានបាត់បង់ទំាង​ស្រុង។ ប៉ុន្តែរហូតមក​ដល់​បច្ចុប្បន្ននេះ​សិទ្ធិកុមារត្រូវ រាជ រដ្ឋាភិបាល​អង្គការ​សង្គម​ស៊ីវិលលើក​កម្ពស់ដោយបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន​ដើម្បី កុមារ ដូចជាបានកសាងសាលារៀន មន្ទីរពេទ្យ មណ្ឌលកុមារកំព្រា និងបានផ្តល់នូវ​សេវា​សង្គមកិច្ចដល់កុមារងាយរងគ្រោះ កុមារកំព្រាជាដើម។ ឯកឧត្ដមបានបន្ថែមថា សកម្មភាព​ដ៏ថ្លៃថ្លានេះ  នឹង​ធ្វើឱ្យកុមារក្លាយជាអ្នកដឹក​នំាដ៍ល្អនៅថ្ងៃ អនាគត់។ឯកឧត្តមបានបង្ហាញពីការ​គាំទ្រ​ចំពោះស្ថានីយ​ទូរទស្សន៍​ខ្សែកាបអង្គរ​ដែលបានសហ​ការ​ជាមួយ​អា​ជ្ញាធរ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ជួយ​ឧប​ត្ថម្ភពីសប្បុរសជននានា​ បាន​រៀបចំ ​​ពីធីអបអរខួបលើកទី៦៩ទិវាសិទ្ធិ​​កុមារអន្តរជាតិ១មិថុនានេះឡើង និងបានផ្តល់អាហារឆ្ងាញ់ៗដល់កុមារកំព្រាបានទទួល ទាន​រួមគ្នាយ៉ាងសប្បាយរីករាយ។ ឯកឧត្ដមអភិបាលខេត្ដបានថ្លែងទៀតថា អាជ្ញាធរខេត្តគំាំទ្រ និងជំរុញឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ៕

ដោយ ឃុត សៅ