កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ នឹងប្រមូលផ្តុំអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍឧស្សាហកម្មព័ត៌មាន ក្នុងយុគសម័យឌីជីថល

AKP ភ្នំពេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ — អ្នកសារព័ត៌មានអាជីពមកពីជុំវិញពិភពលោក នឹងជួបជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលសារព័ត៌មាន អាស៊ី លើកទី១៦ ឆ្នាំ២០១៩ (AMS Angkor 2019) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពាក់ កណ្តាលខែមិថុនានេះ ដើម្បីផ្លាស់ប្តូរយោបល់ស្តីអំពី អនាគតនៃវិស័យសារព័ត៌មាន ក្នុងយុគ សម័យបដិវត្តន៍ឧស្សាហកម្មទីបួន។

មន្រ្តីរដ្ឋាភិបាល អ្នកកសាងគោលនយោបាយ អ្នកផ្សព្វផ្សាយព័ត៌មាន និងអ្នក ពាក់ព័ន្ធដទៃទៀត ក៏នឹងចូលរួមកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩នេះដែរ ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២១០៩ ក្នុងខេត្តសៀមរាប ក្រោម​ប្រធានបទ៖ “ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការផ្តោតលើការអភិវឌ្ឍទីផ្សារ”។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសារស្វាគមន៍មួយថា កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលផ្តល់ឱកាស​ដល់អ្នកសារព័ត៌មាន មេដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើត​​គោលនយោបាយពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក ដើម្បីជួប និងពិភាក្សា គ្នាអំពីរបៀបអភិវឌ្ឍន៍គុណភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលដែលមានការប្រកួតប្រជែង​ខ្លាំង​ក្នុងបដិវត្តន៍បច្ចេកវិទ្យា។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំដោយ​ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់​ការ​អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (AIBD) ។ មុនកិច្ចប្រជុំកំពូល នៅថ្ងៃទី១០ និង១១ ខែមិថុនា ក៏នឹង​មានសិក្ខាសាលាចំនួន០៥ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងបដិវត្តន៍ឧស្សាហកម្មទីបួន ផលប៉ះ​ពាល់នៃ AR/VR លើប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និន្នាការនៃ​បច្ចេកវិទ្យា 4K និងការបង្កើតមាតិកាដែលមានឥទ្ធិពលនៅសម័យឌីជីថល។ សិក្ខាកាម នឹង​ពិភាក្សាអំពីបច្ចេកវិទ្យាបច្ចេកវិទ្យា និន្នាការ និងបញ្ហាប្រឈមដែលទាក់ទងនឹងឧស្សាហកម្ម​ព័ត៌មាន។

កិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិធីបើក នឹងមានកិច្ចប្រជុំ​ពេញអង្គចំនួន០៨ ដែលពិភាក្សាអំពីផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មទីបួន ក្រោមប្រធានបទ៖ បញ្ញាសិប្ប​និម្មិត បច្ចេកវិជ្ជាចុងក្រោយក្នុងការចែកផ្សាយព័ត៌មាន យុទ្ធសាស្ត្រដើម្បីជំនះព័ត៌មានមិន​ពិត ឬព័ត៌មានក្លែងក្លាយ យុទ្ធសាស្រ្តប្រព័ន្ធផ្សាព្វផ្សាយក្នុងការរកចំណូល ។ល។

នៅចុងបញ្ចប់ នឹងមានពិធីប្រគល់ពានរង្វាន់ទូរទស្សន៍ពិភពលោក ឆ្នាំ២០១៩ និងកិច្ច​ប្រជុំនាយកប្រតិបត្តិ។

បន្ទាប់ពីកិច្ចប្រជុំកំពូល ប្រតិភូទាំងអស់នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តដ៏ល្បី​ល្បាញ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងទស្សនាសារមន្ទីរសន្តិភាពសកម្មភាព​កម្ចាត់មីនកម្ពុជា នៅខេត្តសៀមរាប៕

ដោយ នីកា