អគ្គលេខាធិការរដ្ឋសភាកម្ពុជានិងឡាវ ចែករំលែក បទពិសោធន៍ការងារគ្នាក្នុងវិស័យការទូតសភា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖
ឆ្លៀតពេលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរក៏បានជួបប្រជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារមួយចំនួនជាមួយគ្នា ពិសេសការងារទាក់ទង វិស័យការទូតសភា។

កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ Suanesavanh Vignaket អគ្គលេខាធិការរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

កិច្ចប្រជុំបានពិភាក្សាជាពិសេសទៅលើការរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុប (ASEP) ដែលរដ្ឋសភាប្រទេសឡាវ បានទទួលធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១២ ហើយសភាកម្ពុជាគ្រោងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ ឯកឧត្តម ឡេង ប៉េងឡុង បានស្នើសុំអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវចែករំលែកបទពិសោធន៍ពីបញ្ហានេះ។

នៅក្នុងនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរអាហារូបករណ៍ ទៅវិញទៅមក ម្ខាងពីរនាក់ដើម្បីសិក្សាភាសាខ្មែរ និងភាសាឡាវ ដើម្បីបម្រើការងារជាអ្នកបកប្រែនៅក្នុងរដ្ឋសភាប្រទេសទាំងពីរ។
សូមជម្រាបថា កិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុប(ASEP) មានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting”។ ASEP គឺជាផ្នែកមួយរបស់ ASEM ដែលរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ជាវេទិកាសភាមួយ សម្រាប់ទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍នឹងគ្នា ជាពិសេសពង្រឹងវិស័យការទូតសភា ក្នុងចំណោមសភាទាំងឡាយក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប។

សភាកម្ពុជាគ្រោងទទួលធ្វើម្ចាស់ផ្ទះ ASEP លើកទី១១ នៅឆ្នាំ២០២០ ខាងមុខ។ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញរបស់អគ្គលេខាធិការរដ្ឋសភាឡាវ បានពន្យល់យ៉ាងលម្អិតដល់ភាគីកម្ពុជា អំពីបទពិសោធន៍របស់ខ្លួន ដែលបានរៀបចំ ASEP រួចហើយនោះ។