កសិករនៅសង្កាត់សាមគ្គីនាំគា្នប្រកួតប្រជែងដាំបន្លែដើម្បីបង្កើនប្រាក់ចំណូល

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

អាជ្ញាធរសង្កាត់សាមគ្គីបានលើកទឹកចិត្តឱ្យកសិករនៅភូមិខាំផាន់ចំណុចខេ រួមគ្នាដាំបន្លែឱ្យបានច្រើនមុខបន្ថែមទៀតដើម្បីធ្វើឱ្យភូមិមួយនេះមានបន្លែនាំចេញទៅលក់នៅលើទីផ្សារដើម្បីទប់ទល់ជាមួយបន្លែនាំចូលពីប្រទេសជិតខាងបន្ទាប់ពីភូមិមួយនេះមានពោតជាផលិតផលមួយភូមិមួយរួចមកហើយនោះ។


លោក អន ជួន​មេភូមិនេះបានបញ្ជាក់ថា៖​ក្រោយពីមានការទទួល​ស្គាល់​ពី​គណៈកម្មការស្តានិងអភិវឌ្ឍន៍វិស័យកសិកម្មមក កសិករនៅភូមិខាំ​ផាន់​នេះ​បានចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើអោយការដាំ​បន្លែ​បង្កាបានកាន់តែច្រើន បន្ទាប់ពីទទួលជោគជ័យលើការដាំពោតវិលជុំ។

លោកបន្ថែមថា៖នេះជាកត្តាចម្បងក្នុងការដោះស្រាយជីវភាពរស់នៅដោយមិនពឹងផ្អែកទៅលើការដើរស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬខ្ចីបុល​ប្រាក់ពី​ធនា​គារនាំឱ្យមានផលវិបាករកប្រាក់សងគេ ។

លោកស្រីស៊ុយ ចាន់ ឌឿន កសិករដាំដំណាំបន្លែម្រះនៅភូមិខាំ​ផាន់បាន​ទទួល​ស្គាល់ថា៖កសិករនៅចំណុចខេនេះដាំបន្លែបានស្ទើគ្រប់មុខហើយ ព្រោះមានទីផ្សារបញ្ជាទិញងាយស្រួលជាងឆ្នាំកន្លងមក ផលិតបាន​នាំទៅ​លក់នៅទីផ្សារឆ្ងាយចំណាយថវិកាដឹកជញ្ជូនច្រើន។

លោកស្រីថា៖ដំណាំម្រះស្រួលដាំជាងដំណាំបន្លែផ្សេងៗព្រោះពុំសូវមានសត្វល្អិតស៊ីដូចជាស្ពៃឬត្រសក់នោះទេ តែត្រូវការថែទាំដូចគ្នា ទើបឆាប់​បាន​ផ្លែ​លក់។បើយើងថែបានល្អឆាប់ទទួលផល ហើយលក់ដូរនិយាយទៅ បើ​បន្លែ អត់​សូវមានយើងបានថ្លៃ២០០០ទៅ​២២០០រៀលឬយ៉ាង​ថោកបំផុត​តម្លៃ១៥​០០រៀលក្នុងមួយគីឡូក្រាម និយាយទៅឱ្យតែយើងដាំបានច្រើនទៅ មួយ​គី​ឡូ​ក្រាម តម្លៃ១៥០០ទៅ២០០០រៀល​អត់ដែលចុះដល់​៧០០ឬ៨០០​រៀល​ទេ។
លោកអ៊ិនប៊ុណ្ណាកសិករដាំបន្លែនៅចំណុចខេនេះដែរ បានអះអាងថា៖​បន្លែ​នាំ​ចេញពីតំបន់នេះមានអ្នកនិយមបរិភោគច្រើន ចំណែកអ្នក​បញ្ជាទិញ​បន្លែ​មួយចំនួនបាននាំចេញទៅខេត្តរតនគីរី -ក្រចេះនិងខេត្តព្រះវិហារផងដែរ។លោកថា៖បច្ចុប្បន្នកសិករបានប្រឹងប្រែងអនុវត្ត ការដាំបន្លែទៅតាម​បច្ចេក​ទេសពីមន្ត្រីជំនាញកសិកម្មបង្ហាត់បង្ហាញផង និងរិះរកបច្ចេកទេស​ខ្លួនឯង​ផង ដើម្បីឱ្យបានទិន្នផលច្រើន ។ ឥលូវយើងដឹងបច្ចេកទេស កាលមុនវាតូច អញ្ចឹងយើងដាក់ទៅស្លឹកវាឬក៍ដើមវាគរ រងធំហើយ យើងមានមង បច្ចេក​ទេស​ថ្មីនេះដាក់ទៅស្រួល ហើយខ្សែយើងដាក់បីខាងលើ កុំឱ្យវា​ធ្លាក់ពេល​វាឡើងទៅរកគ្នាយើងស្រួលថែ សត្វល្អិតអីវាស៊ីយើង​មើលបានឃើញ​បាន​ល្អ មើលបានតាមចន្លោះគ្រប់ពេលដែលវានៅ អញ្ចឹងយើងឃើញ​ច្បាស់បើ​ដើមញឹកពេកយើងមើលអត់ឃើញទេដល់ធំទូលាយអញ្ចឹងមើលបានល្អ។
សូមបញ្ជាក់ថា៖បន្លែដែលកសិករដាំនៅចំណុចខេសង្កាត់សាមគ្គីនេះមាន ដូចជា ម្រះ-សណ្តែកគួ-ននោង-ត្រឡាច-ត្រប់-ត្រសក់-ប៉េងប៉ោះ និងនៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងមានដូចជាម្ទេសចំណែកបន្លែស្លឹកដូចជាស្ពៃ- សាឡាត់-ខាត់ណា- ជីគ្រប់មុខ- ៕