ឯកឧត្ដម ខៀវ កាញារីទ្ធ អញ្ជើញទៅពិនិត្យសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា ៖


ក្នុងឱកាស កម្ពុជាត្រៀមទទួលគណះប្រតិភូសារព័ត៌មាន អន្តរជាតិមកពី ទូទាំង ពិភពលោក ជាច្រើនរយនាក់ ដែលនឹងត្រូវមកចូលរួមក្នុង កិច្ចប្រជុំកំពូលប្រពន្ធ័ ផ្សព្វផ្សាយអាស៊ី AMS លើកទី១៦ នៅលើទឹកដីអង្គរ នៃ ខេត្តសៀមរាប នាពាក់កណ្តាលខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារកាលពីរសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ បានអញ្ជើញ ពិនិត្យមើល សារមន្ទីរ សន្តិភាពសកម្មភាពកំចាត់មីន មានទីតាំងស្ថិតនៅក្នុងបរិវេណនៃទីបញ្ជាការស៊ីម៉ាក់ភូមិភាគ២ ខេត្តសៀមរាប ដែលមានផ្ទៃដី ទំហំ ១២ ហិកតា ដើម្បីត្រៀមទទួលគណះប្រតិភូអញ្ជើញទស្សនាសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ។

ទីបញ្ជាការនេះ រួមមានអង្គភាពចំនួន ៣ សំខាន់ៗ របស់ ស៊ីម៉ាក់គឺ កង ឯកភាព កំចាត់មីន ទី ៤ មជ្ឈមណ្ឌល សុនខ ជាតិ និង សារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីន។
តាមការបញ្ជាក់របស់អ្នកគ្រប់គ្រង សារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីន ខេត្តសៀមរាប បានអោយដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ មាន ចំណុចជាច្រើនដែលត្រូវទស្សនាដូចជា : រឿងរ៉ាវនៃប្រវត្តិ និងនិយមន័យនៃអនុសញ្ញាអូតាវ៉ា ដែលប្រទេសកម្ពុជា គឺជារដ្ឋសមាជិក, ការបង្ហាញពីរបៀបបោសសម្អាតមីន នៅក្នុងចម្ការមីន សិប្បនិមិត្តតូចមួយ. សាលពិព័រណ៌ធំ ដែលនៅក្នុងសាលនេះ មានវិចិត្រសាលជាច្រើនបន្ទប់ដូចជា : បន្ទប់ប្រវត្តិសាស្រ្តសង្គ្រាមនៅប្រទេសកម្ពុជា
បន្ទប់តាំងបង្ហាញគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនតោន បន្ទប់បង្ហាញពីគ្រាប់បែក
ចង្កោមគ្រប់ប្រភេទ បន្ទប់តាំងបង្ហាញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បន្ទប់បង្ហាញពីសាវតារបស់ស៊ីម៉ាក់ បន្ទប់បង្ហាញពីគ្រាប់បែកទម្លាក់ពីយន្តហោះគ្រប់ប្រភេទ បន្ទប់បង្ហាញពីម៉ាស៊ីនរាវមីន
គ្រប់ប្រភេទ បន្ទប់បង្ហាញពីការអប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បន្ទប់បង្ហាញពីការកសាងសន្តិភាព និង ការអភិវឌ្ឍន៏ តាមរយះការបោស សម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ។


ប្រភពបន្តថាផ្នែកខាងក្រៅនៃសាលធំ មានផ្នែកជាច្រើន ដែលត្រូវទស្សនាដូចជា: ប្រវត្តិជនរងគ្រោះ និងជនពិការដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ. ផែនទីបង្ហាញពីទីតាំងរង ផលប៉ះពាល់ដោយសារគ្រាប់មីន គ្រាប់បែក ចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ និងទីតាំងប្រតិបត្តិការរបស់ស៊ីម៉ាក់ នៅក្នុង ប្រទេស កម្ពុជា. ដំរីសន្តិភាព ធ្វើពីគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សព្វាវុធចាស់ៗបន្សល់ពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៏នៅប្រទេសកម្ពុជា . ទីតាំង បង្ហាញពីរបៀបកប់មីនក្នុងសម័យសង្គ្រាម. ទីតាំងបង្ហាញពីគ្រឿងយន្ត កសិកម្ម និងបណ្តាគ្រឿងយន្ត ដ៏ទៃទៀតដែលរង ការខូចខាត ដោយសារផ្ទុះគ្រាប់ មីនតោន ឧបករណ៏វាយកំទេចគ្រាប់មីន. ទីតាំងធ្វើសកម្មភាពបង្ហាញពីរបៀប បោសសម្អាត គ្រាប់មីន និងគ្រាប់ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ (ធ្វើសកម្មភាពបង្ហាញ ដោយកណ្តុរហិតមីន មនុស្ស និងសុនខហិតមីន) និងនៅមានកន្លែងជាច្រើនទៀតសម្រាប់ទទួលគណះប្រតិភូសារព័ត៌មាន អន្តរជាតិមកពីទូទាំងពិភពលោក ដែល មកចូលរួមក្នុង កិច្ចប្រជុំកំពូលប្រពន្ធ័ ផ្សព្វផ្សាយអាស៊ី AMSលើកទី១៦នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប នាពាក់កណ្តាលខែមិថុនាឆ្នាំ ២០១៩ខាងមុខនេះ។


ឯ ឧ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក មជ្ឍមណ្ឌលសក្មភាពកំចាត់មីនកម្ពុជា បានថ្លែង អំណរគុណចំពោះ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ រៀបចំអោយ មានកម្មវិធីទស្សនកិច្ច នៅសារមន្ទីរសន្តិភាពសម្មភាពមីន របស់អង្គការស៊ីម៉ាក់ ខេត្តសៀមរាប ជូនគណះប្រតិភូសារព័ត៌មានអន្តរជាតិ ដែលនឹងមកទស្សនា នាពេលខាងមុខនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសង្រ្គាម និងការ អភិវឌ្ឍន៏ រីកចំរើននៅកម្ពុជា ៕