រដ្ឋមន្រ្តីការបរទេស ទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅ កម្ពុជាពីថ្ងៃទី ០៣ ដល់ ០៤ ខែមិថុនា

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី៖


ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូស្តា បាបូ ស័ររ៉េស (Dionisio da Costa Babo Soares) រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី០៣ ដល់ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៩។
តាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេសចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៩ បានអោយដឹងថា ឯកឧត្តម ឌីយ៉ូនីស្យូ ដា កូស្តា បាបូ ស័ររ៉េស អញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងរសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងអំឡុងពេលទស្សនៈកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស ទីម័រខាងកើត មានគម្រោងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីជំនួបសម្តែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងទទួលជួបពិភាក្សាទ្វេភាគីជាមួយសមភាគីទីម័រ ស្តីពីវិស័យកិច្ចសហប្រតិបត្តិការផ្សេងៗ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ព្រមទាំងបញ្ហាបេក្ខភាពទីម័រខាងកើតចូលជាសមាជិកអាស៊ាន៕