ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលបានយកព្រះទ័យទុកដាក់យ៉ាងខ្លំាងជួយ ដល់វិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមបានអៈអាងថា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលបានយកព្រះទ័យ​ទុកដាក់យ៉ាង​ខ្លំាងជួយដល់វិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីជួយសម្រាលការលំបាកទំាងផ្នែកជីវភាពនិងការរៀនសូត្រ​របស់កុមារពិការគ្រប់ប្រភេទនៅក្នុងសាលារៀននេះ។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាមបានអៈអាងថា វិទ្យាល័យអប់រំពិសេសកំពង់ចាមដែលជាអតីតសាលាកុមារពិការភ្នែកឬកុមារគថ្លង់ តែងតែទទួលបានការយកព្រះទ័យទុកដាក់ពីព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចាប់តំាងពីឆ្នាំ២០០៦ បន្ទាប់ពីព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងសម្ពោធអគារមួយខ្នងកម្ពស់ពីរជាន់ មានដប់បន្ទប់នៅក្នុងវិទ្យាល័យនេះ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៧០នៃទិវាសិទ្ធិកុមារអន្តរជាតិដែលបា្ររព្ធធ្វើឡើង នៅខេត្តកំពង់ចាមកាលពីថ្ងៃទី៣១ខែឧសភា ឯកឧត្តមគួច ចំរើនបានអះអាងថា ការប្រោសព្រះរាជទាននិងព្រះរាជទ្រព្យនានារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមកដល់វិទ្យាល័យពិសេសខេត្តកំពង់ចាមគឺបានជួយឲ្យកុមារពិការនៅក្នុងវិទ្យាល័យនេះមានភាពកក់ក្តៅក្នុងការ រស់នៅ ព្រមទំាងបានធ្វើឲ្យស្ថានភាពជីវភាពកាន់តែល្អប្រសើរ។
ឯកឧត្តមបានអៈអាងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាន ផ្តល់ថវិកាសម្រាប់ដំណើរកម្សាន្តប្រចាំឆ្នាំរបស់កុមារពិការនៅក្នុងវិទ្យានេះ។ បន្ថែមពីនេះទៀតតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមសម្តេចបាន ជួយផ្តល់ជាអង្ករ និងសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួនសម្រាប់ជួយទ្រទ្រង់ជីវភាពកុមារពិការទំាងនោះផងដែរ។
ឯកឧត្តមអភិបាលបានបន្តថា ដើម្បីបង្កើនភាពជិតស្និទ្ធនិងផ្តល់ភាពកក់ក្តៅដល់កុមារទំាង នោះដូចជាក្រុមគ្រួសារតែមួយនោះ ចាប់តំាងពីឆ្នាំ២០១៦មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅសួរសុខទុក្ខ និងបានរៀបចំអាហារថ្ងៃត្រង់ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពិការ និងបានផ្តល់ថវិកាមួយចំនួនផងដែរ។ឯកឧត្តមគួច ចំរើនបានបន្តទៀតថា វិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាមនេះ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញចុះមកសួរសុខទុក្ខនិងបានរៀបចំអាហារថ្ងៃត្រង់មួយពេល និងបានឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារសិស្សស្នាក់នៅនិងអគារសិក្សាដើម្បីជួយសម្រាលការលំបាករបស់កុមារ ទំាងនេះផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលបច្ចុប្បន្នតែងតែអញ្ជើញសួរសុខទុក្ខ ពីរដងក្នុង១ឆ្នាំ ដោយបានរៀបចំអាហារថ្ងៃត្រង់ និងផ្តល់ថវិកាសម្រាប់ដំណើរការកម្មវិធី ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានឧបត្ថម្ភសម្ភារៈ ប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារៈជំនួយដល់ការបង្រៀន និងរៀន មានសៀវភៅគ្រូ-សិស្ស កំព្យូទ័រលើតុ-កំព្យូទ័រយួរដៃ និងម៉ាស៊ីនថត សម្លេង និងគ្រឿងសង្ហារឹមផ្សេងៗជាដើម។
ដោយឡែកឯកឧត្តមបានបន្តទៀតថា តាមរយៈមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់អង្ករ១តោនក្នុងមួយខែ ហើយបានផ្តល់ថវិកាបង្រ្គប់សាងសង់ខ្លោងទ្វារសាលាផងដែរ។
សូមបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសកំពង់ចាមបច្ចុប្បន្នមានកុមារពិការនិងគថ្លង់ ប្រមាណជាង១៦០នាក់ ដោយមានការអប់រំបណ្តុះបណ្តាលចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសនានាសម ស្របទៅតាមប្រភេទពិការភាពរបស់កុមារពិការនីមួយៗ ដើម្បីឲ្យមាន សមត្ថភាពនិងវិជ្ជាជីវៈ គ្រប់គ្រាន់ក្នុងការកសាងជីវភាពនៅក្នុងសង្គមនាពេលអនាគត៕