ក្រសួងសេដ្ឋកិច្ចប្រកាសដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្របីដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — ការអនុវត្តនូវយុទ្ធសាស្ត្របីដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចនេះ ត្រូវបានឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានប្រកាស​ដាក់​ឱ្យ អនុវត្តន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចតទៅមុខទៀត។

យុទ្ធសាស្ត្រទាំងបីនោះ គឺ៖ ទី១. យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥, ទី២. យុទ្ធសាស្រ្ត​ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ និងទី៣. យុទ្ធសាស្រ្តកៀរគរ​ចំណូលឆ្នាំ២០១៩-២០២៣”។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធ ទាំងអស់ អនុវត្តន៍យុទ្ធសាស្រ្តទាំងបីនេះ ប្រកបដោយឆន្ទៈ, មនសិការ, និងការទទួលខុស​ត្រូវខ្ពស់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដាក់ចេញអាទិភាព និងតម្រង់ទិសការអនុវត្ត​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងឆ្នាំ២០១៩នេះ និងបណ្ដាឆ្នាំខាងមុខ​ដោយរៀបចំ​ផែនការសកម្មភាព, ជំរុញ និងតាមដានការអនុវត្តយទ្ធសាស្រ្តទាំងបីដែល​បាន​ដាក់ឱ្យអនុវត្តន៍ខាងលើ។

ជាមួយគ្នានេះ យុទ្ធសាស្រ្ដខាងលើ ត្រូវពង្រីក​និងពង្រឹងការអនុវត្តការដាក់ឱ្យដំណើរ​ការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ទន្ទឹមនឹងការជំរុញធ្វើស្វ័យប្រវត្តិកម្មការអនុវត្តថវិកា ដោយចាប់ផ្ដើមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយកចិត្តទុកដាក់លើការកែលម្អគុណភាពនៃថវិកាកម្មវិធី ដោយផ្ដោតលើ​សមិទ្ធកម្ម និងបន្ដសាកល្បងដាក់ឱ្យអនុវត្តន៍ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានពិនិត្យ និងកែ​លម្អនីតិវិធីអនុវត្តន៍ថវិកា ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នសាមី ដោយផ្ដោតជាសំខាន់លើការត្រួតពិនិត្យរបាយការណ៍អនុវត្តន៍ ឬរបាយការ​ណ៍ លទ្ធផល និងបង្កើតឧបករណ៍ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកា។ ទន្ទឹមនេះ ត្រូវ​យកចិត្តទុកឱ្យបានខ្លាំងក្លាថែមទៀតលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដោយពិនិត្យលទ្ធភាពឱ្យមានយុទ្ធសាស្ត្រ គោលនយោបាយ ឬផែនការសកម្មភាពច្បាស់លាស់​និងបន្ដពង្រឹង​សមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទ្រទ្រង់ដល់ការងារកែទម្រង់ផង និងដើម្បី ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចការប្រចាំថ្ងៃផងដែរ។ ជាមួយគ្នានេះ មន្ត្រីជំនាញ បន្តពង្រឹង​ការសម្របសម្រួល និងអនុវត្តន៍ការងារប្រទាក់ក្រឡាគ្នារវាងកែទម្រង់ទាំងបី​រួមមានការ​ងារកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងវិមជ្ឈការ​និងវិសហមជ្ឈការ។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវពិនិត្យឡើងវិញនិងបូកសរុបការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ និងត្រៀមរៀបចំផែនការសកម្មភាពរួមសម្រាប់ដំណាក់កាលទី ៤ ដោយ​ផ្ដោត​លើខឿនទី៤ គឺ គណនេយ្យភាពសមិទ្ធកម្ម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយ​តម្លៃខ្ពស់ចំពោះសហការីនៃរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នទាំងអស់ដែលបានខិតខំប្រឹង​ប្រែង​អនុវត្តន៍សកម្មភាពទាំងឡាយ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​សម្រេចបានលទ្ធផលល្អប្រសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សហគមន៍អឺរ៉ុប, ធនាគារ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្ដរជាតិ អង្គការយូនីសែហ្វ រដ្ឋាភិ​បាល​បារាំង/AFD, រដ្ឋាភិបាលអូស្ត្រាលី និងស្ថាប័នអន្ដរជាតិផ្សេងទៀត ដែលបាន និង គ្រោងបន្ដផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់គាំទ្រដល់ការអនុវត្ដកម្មវិធីកែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និង មានសន្ទុះល្អទៅមុខ ក៏ដូចជាក្នុងដំណាក់កាលបន្ដបន្ទាប់ទៀត។

ឯកឧត្តម ចច អេហ្គា ឯកអគ្គរដ្ឋទូត និងប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ជាតំណាងដៃគូអភិវឌ្ឍន៍សូមអបអរសាទរដល់រដ្ឋាភិបាលចំពោះការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ប្រកបដោយភាពជោគជ័យ។ ឯកឧត្ដមបានបន្ដថា ដៃគូអភិវឌ្ឍន៍សង្ឃឹមថា យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ នឹងទទួលបានជោគ ជ័យ​​ដូច​គ្នានឹងយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ផងដែរ ព្រមទាំងនឹងបន្តធ្វើទំនើបកម្មគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ និងរដ្ឋ បាលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងធានាសមធម៌ក្នុង​ចំណោមអ្នកបង់ពន្ធ៕

ដោយ គង់ សិរីរ័ត្ន