មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ឆ្នាំ២០៣០ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅលើកពិភព​លោក នឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​គូស​បញ្ជាក់ថា នៅឆ្នាំ២០៣០ខាងមុខនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅលើកពិភពលោក នឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ ដោយសារបដិវត្តន៍ផ្នែកឧស្សាហកម្ម។

ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌ស្តីពីទិវាទការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈលើកទី២ ក្រោមប្រធានបទ​«TVETអាចធ្វើបាន» កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្ដម ពេជ សោភ័ន បានលើកឡើងថា តាមការស្រាជ្រាវរបស់វិទ្យាស្ថានអន្តរជាតិ បានរកឃើញថា នៅឆ្នាំ២០៣០ខាងមុខនេះ ប្រជាពលរដ្ឋប្រមាណ៣០ភាគរយ នៅលើកពិភព​លោកនឹងប្រឈមហានិភ័យនៃការផ្លាស់ប្តូរ ឬបាត់បង់ការងារ ហើយអ្នកដែលប្រឈមខ្លាំង នោះគឺអ្នកដែលទទួលបាន ការអប់រំទាបជាងគេ។ ឯកឧត្ដមបានបន្ដថា បដិវត្តន៍ឧស្សា​ហកម្ម​៤.០ នឹងធ្វើឱ្យមានការប្រែប្រួលការងារនៅលើពិភពលោក ។ ជាក់ស្តែង នៅពេលកន្លងមក នេះ អង្កការអន្ដរជាតិខាងការងារ(ILO)បានបង្ហាញរបាយការណ៍ ដោយបានប៉ាន់ប្រមាណថា នៅរយៈពេល២០ ឆ្នាំខាងមុខនេះ ពាក់កណ្តាលពលករ៥ប្រទេស (កម្ពុជា, វៀតណាម, ថៃ  ឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន) ដែលមានប្រមាណ១៣០លាននាក់នឹងប្រឈមហានិយភ័យ​នៃការបាត់បង់ការងារ ដោយសារបដិវត្តន៍ឧស្សាហកម្ម៤.០។ ឯកឧត្ដមបានពន្យល់ថា បដិវត្ត​ន៍​ ឧស្សាហកម្មនេះនឹងនឹងធ្វើឱ្យដំណើរការនៃផលិកម្មនៅតាមបណ្តារោងចក្រទាំងអស់​ប្រែក្លាយ ពីការប្រើប្រាស់កម្លាំងពលកម្មដោយមនុស្ស ទៅជាប្រើយន្តការស្វ័យប្រវត្តិកម្ម ឬកម្លាំង គ្រឿង យន្ត។ ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា អង្គការ ILO ក៏បានប៉ាន់ស្មានថា ប្រសិនបើគ្មាន ប្រែប្រួលផលប៉ះពាល់ កម្ពុជាក៏អាចនឹងប៉ះពាល់៥៧ភាគរយ នៃរយៈពេល២០ ឆ្នាំខាងមុខនេះ ផងដែរ។ ដូច្នេះ នេះជាកក្តាមួយដែលរយើងត្រូវដោះស្រាយបញ្ហាទាំងនេះ ដែលចាំបាច់នោះ យើងត្រូវ ពង្រឹង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះ។ ជាង់ស្តែងនៅប្រទេស គេកំពុងធ្វើកំណែទម្រង់វិស័យ នេះដើម្បីដើរឱ្យទាន់បដិវត្តន៍៤.០នេះ។

ឯកឧត្ដមក៏បានលើកពីប្រទេសថៃថា រាជរដ្ឋាភិបាលថៃ មានគោលដៅគឺធ្វើឱ្យរោងចក្រពាក់ កណ្តាលនៃរោងចក្រផលិតកម្ម ឬក៏កម្មន្តសាលឱ្យក្លាយជារោងចក្រប្រើប្រាស់ ដោយគ្រឿង  ចក្រស្វ័យប្រវត្តិនៅរយៈពេល៥ឆ្នាំខាងមុខនេះ។ ទន្ទឹមនេះ ការប្រែប្រូលនេះដែរ ក៏បានធ្វើឱ្យ​ទីផ្សារនៅពលកម្មនៅប្រទេសថៃក៏បានជួបបញ្ហាប្រឈមដែរ ជាក់ស្តែងនោះត្រូវបាន​សារព័ត៌​មានបាងកកប៉ុស្តិ៍​បានផ្សាយថានៅឆ្នាំ២០១៩នេះ មានពលករថៃប្រហែលជា៤០ម៉ឺន​ទៅ៥០​ម៉ឺននាក់ក្នុចំណោមពលករ៣៨លាននាក់នឹងប្រឈមនឹងហានិភ័យក្នុងការផ្លាស់ប្តូរមុខរបការងារ។  ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ឥឡូវរោងចក្រមួយចំនួនគេផ្លាស់​​ប្តូរពីការប្រែប្រួល​តាមគ្រឿងចក្រ ដែលប្រើមនុស្សទៅជាប្រើស្វ័យប្រវត្តិកម្ម(គ្រឿងយន្ត)។ ហើយគេបាន​ទស្សន៍ទាយឆ្នាំនេះ អត្រាគ្មានការងារធ្វើនៅថៃ១.៣ភាគរយ ដែលឆ្នាំ២០១៨ គឺមាន១​ភាគរយ។ ក្នុងនោះសិស្សដែលកំពុងរៀនផ្នែកបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ប៉ះពាល់ ផងដែរប្រសិនបើគ្មានការកែទម្រង់ផ្នែកTVETនេះ ហើយសិស្សប្រមាណ៣០ភាគរយប៉ុណ្ណោះ នឹងមាន​ការងារធ្វើ។”

ជាមួយគ្នានេះ  ចំពោះបញ្ហាដែលកើតឡើងពីបដិវត្តន៍ឧស្សាហកម្ម៤.០នេះ តម្រូវឱ្យ​កម្លាំងពលកម្មប្រកបដោយជំនាញ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល​តាំងពីឆ្នាំ២០១៥មកម្ល៉េះក្នុងការប្រែក្លាយកំលាំងពលកម្មពីអត្តពលកម្ម ទៅជាកម្លាំងពលកម្ម​ផ្អែកលើពលកម្ម ជំនាញ។

តែទោះបីយ៉ាងក៏ដោយ ឯកឧត្ដមបានថ្លែងទៀតថា​ការបញ្ហាដែលនឹងប៉ះពាល់នៅ​ពេលខាង​មុខនេះកម្ពុជាក៏បានយកទុកដាក់ផងដែរដោយបានជំរុញមានការបណ្តុះបណ្តាល​បច្ចេកវិជ្ជាជីវៈរហូតដល់មានទិវាជាតិប្រចាំឆ្នាំស្តីពីទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមប្រធានបទ«TVETអាចធ្វើបាន»ផងដែរ។ សម្រាប់ទិវាបណ្តុះ​បណ្តាលបច្ចេក​ទេសវិជ្ជាជីវៈនេះគឺជាឱកាសមួយក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះផងដែរ។ សូមបញ្ជាកក់ថា ទិវាស្តីពីការងារ និងបណ្តុះបណ្តាល ដែលនឹងធ្វើជាលើកទី២ នៅថ្ងៃ ទី១៥-១៦ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ៕

ដោយ ប៊ុនរិទ្ធ​