ឯកឧត្តម អូស្មាន ហាស្សាន់ ចូលគាល់ ព្រះចៅសាលម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតដើម្បីទទួលកិត្ដិយសកម្ពុជា-អារ៉ាប៊ីសាអូឌីត នៅតែជាបងប្អូនតែមួយ

AKP ក្រុងម៉ាកកាស ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — ព្រះចៅសាលម៉ាន អាប់ឌុលអាហ្សីស អាល សាអ៊ូត ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រអារ៉ាប៊ីសាអូឌីត បានសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យសមាជិកឧត្តមក្រុមប្រឹក្សា នៃសម្ព័ន្ធពិភពឥស្លាមមាន បញ្ញវន្ត និងថ្នាក់ដឹកនាំឥស្លាម ដែលដឹកនាំដោយ ឯកឧត្ដម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តម ក្រុមប្រឹក្សាចូលគាល់ និងថ្វាយជូននូវសេចក្តីប្រកាសរួមនៅទីក្រុងម៉ាកាស់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទទួលកិត្ដិយសកម្ពុជា-អារ៉ាប៊ីសាអូឌីត នៅតែជាបងប្អូនតែមួយ និងបន្ដកិច្ច សហប្រតិបត្ដិការជួយ អភិវឌ្ឍន៍សហគមន៍ ខ្មែរឥស្លាមឱ្យមានការរីក ចម្រើនទៅថ្ងៃអនាគត។ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រ ដែលគណៈប្រតិភូកម្ពុជា បានទទួលព្រះរាជសព្វព្រះហឫទ័យរាជានុញ្ញាតឱ្យក្រុមសមាជិក ឧត្តមក្រុម ប្រឹក្សានៃសម្ព័ន្ធពិភពឥស្លាមមាន បញ្ញវ័ន្ត និងថ្នាក់ដឹកនាំឥស្លាម ដើម្បីចូលគាល់ ក្នុងគោលបំណង សម្ដែងការគួរសម និងផ្ដល់កិត្ដិយសដល់កម្ពុជា ដើម្បីរឹតចំណងសាម គ្គីភាព កម្ពុជា-អារ៉ាប៊ីសាអូឌីត ឱ្យកាន់តែជិតស្និទ្ធក្នុងនាមបងប្អូនតែមួយ។ ជាកិត្ដិយស ដែលមានថ្នាក់ដឹកនាំតំណាងឱ្យកម្ពុជា ត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម ហើយអង្គការនេះមានរយៈពេល ៥ឆ្នាំ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានរម្លឹកថា ពិធីនេះធ្វើឡើងនៅព្រះបរមរាជវាំង នៅទក្រុងម៉ាកកាស់ អារ៉ាប៊ីសាអូឌីតបន្ទាប់ពី គណៈប្រតិភូកម្ពុជាបានបញ្ចប់ដោយជោគជ័យ នៃសន្និសីទអន្តរជាតិ ដែលរៀបចំដោយសម្ព័ន្ធពិភពឥស្លាម (RABITA) នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល ០៣ថ្ងៃ ក្រោមប្រធានបទ គុណតម្លៃ នៃការនិយម កណ្តាល ដែលមានថ្នាក់ដឹកនាំបញ្ញវ័ន្តឥស្លាមបានចូលរួមជាង១៣០០ នាក់ មកពីបណ្តាប្រទេសចំនួន១៣៧ប្រទេស។ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជា ក៏បានចូលជួបជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបណ្តាប្រទេសជាច្រើនក្នុងតំបន់ឈូកសមុទ្រពែក្ស និងប្រទេសបណ្ដាក្នុង តំបន់អាហ្វ្រិក ដើម្បីពិភាក្សាការងារ និងចងសម្ព័ន្ធមេត្រីភាព លើក្របខ័ណ្ឌផ្លាស់ប្ដូពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍន៍ សហគមន៍ខ្មែរឥស្លាមឱ្យ មានការរីកចម្រើនទៅថ្ងៃអនាគត៕

ដោយ សួស សំរិត