អាជ្ញាធរខេត្តកំពង់ចាម ប្រារព្ធខួបទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា២០១៩ ស្តីពី “ការលើកកម្ពស់សិទ្ធិកុមារ”

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម ៖

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កុមារ គឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោកមួយពោលថា «កុមារគឺជាទំពាំងស្នងប្ញស្សី» ។ដូច្នេះ កុមារត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។

ក្នុងពិធីប្រារព្ធខួបទី៧០ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៩ ស្តីពី “ការលើកកម្ពស់សិទ្ធិកុមារ” នៅវិទ្យាល័យ អប់រំពិសេស ខេត្តកំពង់ចាមនៅថ្ងៃទី ៣១ ខែឧសភា នេះ ឯកឧត្តម រំលឹកថា ព្រះរាជាណាចក្រកម្ពុជា ធ្លាប់ទទួលនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឫសគល់ ក្នុងនោះកុមារក៏ត្រូវទទួលរងការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឲ្យធ្វើការងារជាទម្ងន់ និងការបង្អត់អាហារ ដែលជាហេតុធ្វើឲ្យកុមាររស់នៅយ៉ាងលំបាកវេទនាបំផុត។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកុមារនៅកម្ពុជា ត្រូវបាន ការពារលើកតម្កើង ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញ និងបានស្តែងចេញតាមរយៈគោលការណ៍ គោលនយោបាយ និងយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្ថែមថា ដោយផ្អែកតាម ផែនការយុទ្ធសាស្រ្ត ក្នុងគោលនយោបាយ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្កើនថវិកា លើវិស័យសង្គមកិច្ច អប់រំ សុខាភិបាល អភិវឌ្ឍជនបទ កសិកម្ម និង វិស័យមួយចំនួនទៀត ក្នុងគោលដៅបម្រើឲ្យសុខមាលភាពប្រជាជន កាន់តែមានភាពប្រសើរឡើង ពិសេសចំពោះកុមារ។

ឯកឧត្តម បញ្ជាក់ថា អត្រាមរណៈ មាតា និងទារក ត្រូវបានកាត់បន្ថយ ការផ្តល់វ៉ាក់សាំង ថ្នាំបង្ការ ជម្ងឺដល់កុមារ ការអប់រំសិក្សា និងការពារការប្រឆាំងនឹងអំពើរំលោភបំពានផ្សេងៗ ត្រូវបានយកចិត្តដាក់ជំរុញឲ្យកាន់តែប្រសើរឡើងជាលំដាប់ ជាពិសេសនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារ មានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព (គ្រួសារក្រីក្រ)។
ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំ ដោយជំរុញដល់កុមារ យុវជន តស៊ូ រៀនសូត្រ ខណៈដែលបច្ចុប្បន្នមានការអភិវឌ្ឍន៍ផ្នែកវិស័យអប់រំ ដែលជាអ្នកបន្តវេន នាពេលអនាគត ។ ឯកឧត្តម បញ្ជាក់ថា ក្នុងនាមជាជនរួមជាតិខ្មែរ ត្រូវរួមគ្នាការពារ នូវសន្តិភាព ស្ថេរភាព សេរីភាព ជូនកូនចៅបងប្អូនប្រជាពលរដ្ឋឲ្យបានរីកចម្រើន និងអភិវឌ្ឍន៍បន្តទៅទៀត ដោយកុំបណ្តោយឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ដូចកាលពីអតីតកាល៕