ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា និងឡាវបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ។

ក្នុងជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយប្រធានរដ្ឋសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិ ប្រតិបត្តិ។ ក្នុងនាមរដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានពិភាក្សាគ្នាលើបញ្ហាជាច្រើនក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំសង្គមកិច្ចដើម្បីបម្រើផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាកម្ពុជា-ឡាវ បានសន្យាថា នឹងជំរុញរដ្ឋាភិបាលប្រទេសទាំងពីរអនុវត្តន៍ ឱ្យមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ គ្នា។

ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរវិញ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិនបានលើកឡើងថា រដ្ឋសភាកម្ពុជានិងឡាវ ក្រៅពីគាំទ្រគ្នាទៅវិញ ទៅមកក្នុងវេទិកាអន្តរសភាហើយរដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃកិច្ចព្រម ព្រៀង សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។

សម្តេចបន្តថា ក្នុងរយៈពេលជាង៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជានិងឡាវ បានបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសាធន៍លើការងារ សភាទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ និងមន្រ្តី បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ និងបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការរបស់បក្ស រដ្ឋាភិបាល ប្រទេសទាំងពីរ។

លោកជំទាវ ផានី យ៉ាថូទូ បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន និងបានស្នើសុំសម្តេចបន្តជំរុញនិងលើកកម្ពស់កិច្ច សហប្រតិបត្តិការ ល្អរវាងសភាប្រទេសទាំងពីរនេះបន្តទៀត។ ជាមួយគ្នានេះលោកជំទាវ បានលើកឡើងថា ប្រសិនមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងរដ្ឋសភាប្រទេសទាំងពីរ មិនថានៅក្នុងកម្រិតណានោះទេ គួរមាន ប្រធានបទច្បាស់លាស់មួយ ដើម្បីឱ្យកិច្ចសហ ប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចនៅ ប្រទេសឡាវនាពេលនេះ គឺថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរមាន ប្រធានមួយ ត្រូវជជែកពិភាក្សាគ្នា៕

ដោយ ប៉ាល់ សុង