រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបញ្ជូនកងទ័ពមួកខៀវ ចូលរួមសកម្មភាពមនុស្សធម៌ជុំវិញពិភពលោក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អាត ចន្ធូ ៖

 រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបញ្ជូនកងទ័ពមួកខៀវចូលរួមសកម្មភាពមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែក្សាការពារសុខសន្ដិភាពជូនប្រជាជនទូទាំងពិភពលោក។


ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសដោះមីនកម្រិតខ្ពស់ ថ្នាក់តំបន់ និងអាស៊ាន សម្រាប់គ្រូបង្គោលក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែឧសភានេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ្តបត្តការអន្ដរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមសកម្មភាពមនុស្សធម៌ជុំវិញពិភពលោក តាមរយៈអង្គការសហប្រជាជាតិ។


ឯកឧត្តម រដ្ឋលេខាធិការ បានបន្ដថា រយៈពេល១៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបចំនួន៦.២៧៨នាក់ ក្នុងនោះនារី៣១៥នាក់ ដើម្បីទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងនៅលើពិភពលោក។


សំឡេង៖ «ក្នុងឆ្នាំ២០១៩នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងពិភពលោកជាបន្តទៀត ដោយត្រៀមរៀបចំកម្លាំង និងមធ្យោបាយនានា សម្រាប់ដាក់បញ្ចូលក្នុងកំរិតនៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព»។
ឯកឧត្តម បានណែនាំដល់យោធាចារ្យ ព្រមទាំងសិក្ខាកាមជាកងកម្លាំងទាំងអស់ចូលរួមចែករំលែកមេរៀន បទពិសោធន៍ និងលើកមតិយោបល់ល្អៗ ស្តីពីជំនាញបច្ចេកទេសដោះមីន ដើម្បីចែករំលែកដល់គ្នាទៅវិញទៅមក សំដៅបង្កើនវីជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ក្នុងការបំពេញភារកិច្ចមនុស្សធម៌នេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសកម្មភាពកំចាត់មីន ជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ហើយបានចាត់ទុកសកម្មភាពនេះ ជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ៕