រដ្ឋាភិបាលជប៉ុនប្រគល់គ្រឿងឥស្សរិយយសជូនលោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្រ្តា ចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ — លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន បានចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយស ដើម្បីទទួលគ្រឿងឥស្សរិយយស “The Order of the Sacred Treasure, Gold Rays with Neck Ribbon” នឹងចូលបង្គំគាល់ ព្រះករុណា ព្រះចៅអធិរាជ នៅព្រះបរមរាជវាំងប្រទេសជប៉ុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បាន ប្រកាសឈ្មោះអ្នកទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០១៩។  ការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដល់បុគ្គលដែលមានស្នាដៃឆ្នើមសម្រាប់​សង្គមផលប្រយោជន៍ សាធារណៈ ឬប្រទេសជាតិ​។​​​​​ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌​មាន របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានរួម​ចំណែក ជំរុញការអប់រំ និងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា តាមរយៈការជួសជុល និង ស្តារឡើងវិញនៃអង្គរ ជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោកជាប្រធានក្រុមរដ្ឋាភិបាល ជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ(JSA) ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៤ និង ក្នុងនាមជាសហប្រធាននៃគម្រោងជប៉ុន-អប្សរាការពារប្រាសាទអង្គរ(JASA) ចាប់ពីឆ្នាំ ២០០៥ ព្រមទាំងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសកម្ពុជាជាច្រើនរូប សម្រាប់គម្រោង អង្គរជាង ២៥ឆ្នាំមកនេះ។

លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បានរួមចំណែកការជួសជុល ការស្តារឡើងវិញ និងសកម្មភាពស្រាវជ្រាវនៅប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលជាបេតិក​ភណ្ឌ ពិ​ភពលោកនៃ អង្គការយូណេស្កូ របស់កម្ពុជា ក្នុងនាមលោកជាប្រធានក្រុម នៃសាកលវិទ្យា ល័យវ៉ាសេដា៕

ដោយ អ៊ុន រិទ្ធី