អ្នកនិពន្ធមួយរូបបង្ហាញស្នាដៃ និពន្ធ​សៀវភៅស្តីពី «មូលដ្ឋាន​បោះ​ជំហាន​ទៅ​មុខ​»

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ លោក ស៊ូ សាវឿន ជាអ្នកនិព័ន្ធមួយរូបបានបើក​សម្ភោធ​សៀវភៅ«មូលដ្ឋាន​បោះ​ជំហាន​ទៅ​មុខ​» ធ្វើ​ឡើង​ដើម្បី អភិវឌ្ឍខ្លួនឲ្យរីកចំរើនទៅមុខ។

ក្នុងពិធីសម្ភោធសៀវភៅ «មូលដ្ឋាន​បោះ​ជំហាន​ទៅ​មុខ​»កាលពីថ្ងៃទី៣០ ខែឧសភា​​ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាលោក ស៊ូ សាវឿនបានបញ្ជាក់ថា នៅឆ្នាំ​២០១៨​លោក​បាន​បញ្ចប់ការនិពន្ធ​​សៀវ​ភៅ​មួយ​ក្បាល​​ដែល​មាន​ចំណង​ជើង​ថា​ « មូលដ្ឋាន​បោះ​ជំហាន​ទៅ​មុខ​»​ ជាស្នាដៃដំបូងដែលលោក​បាន​​ផ្សំបញ្ចូលគ្នា​នូវបទពិសោធផ្ទាល់ខ្លួន ការសិក្សាស្រាវជ្រាវ រួម​បញ្ចូល​គំនិតបុគ្គល​ល្បីៗមួយចំនួនថែមទៀត។ ករណីសិក្សានិងបទពិសោធ​ដែល​បញ្ចូលនៅក្នុងសៀវភៅ​នេះដកស្រង់​ពីគ្រប់វិស័យ រួមមាន​វិស័យសាធារណៈ វិស័យឯកជន និង​សង្គមស៊ីវិលដោយ​បាន​បង្ហាញ​ខ្លឹមសារសំ​ខាន់​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ដែល​បង្កើត​​លទ្ធផល ពោលគឺលទ្ធផល​ល្អ​ឬ​មិន​ល្អ​ពឹង​ផ្អែកមួយផ្នែកធំ​លើ​​សមត្ថ​ភាព​គ្រប់​គ្រង​អារម្មណ៍។ អារម្មណ៍​អាច​រំកិល​ចុះឡើង​រវាង​តំបន់​ពីរ​ គឺ​តំបន់​ងងឹតនិង​តំ​បន់​​ភ្លឺ​។ តំបន់ងងឹតជាកន្លែងដែលបង្កើតលទ្ធផលមិនបានល្អឬមិនបានតែម្តង ចំណែកតំបន់ភ្លឺជាកន្លែង​​បង្កើតលទ្ធផល​និងរៀនសូត្រអភិវឌ្ឍខ្លួន​ឲ្យកាន់តែរីកចម្រើន​។

សៀវភៅមូលដ្ឋានបោះជំហានទៅមុខមានផ្តល់ជូន​នូវឧបករណ៍គន្លឹះអាចប្រើ​ដើម្បីឆ្លុះបញ្ចាំង​ វាស់វែង​កម្រិត​នៃការសម្រេចចិត្ត និងឈ្វេងយល់អំពីមូលហេតុ​ដែល កំពុង​ជ្រើសរើស​ធ្វើកិច្ចការ​អ្វីមួយ ​។​ វាជា​ឧបករណ៍និងគន្លឹះសម្រាប់អភិវឌ្ឍខ្លួនគ្មានដែនកំណត់ ទោះបីស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ​។ សៀវភៅនេះ​បានបង្ហាញពី ការតូច​ចិត្ត​ពេល​មាន​រឿង​រ៉ាវ​កើត​ឡើង មិ​ន​សមដូចបំណង,មិនស្គាល់​អ្វី​ជាឱកាស,រកល្បិចធ្វើបាបអ្នកដទៃ,ប្រឹងលួចគេ,ប្រឹង​បន្លំគេ និង​ប្រឹង​ធ្វើតាម​ចិត្ត​នឹកឃើញ​។

ក្នុង​សៀវ​ភៅ​នេះ​មាន​បង្ហាញអំពីចំណុចគន្លឹះមួយទៀតគឺ«ភាព​ឆ្កួត​នៃ​មនុស្ស»។មានចំណុចជាច្រើន​បានលើកឡើង​ពីចំណុចនេះ ប៉ុន្តែខាងក្រោមនេះ​ជាការដកស្រង់​មួយចំនួន​៖ ធ្វើ​រឿង​ដដែល តែ​ចង់​បាន​លទ្ធ​ផល​ថ្មី!ខឹង​គេ​ខឹង​ឯង​ពេល​លទ្ធ​ផល​មិន​បាន​ដូច​ចិត្ត និយាយ​យក​តែ​ត្រូវ​ខ្លួនឯង ​ទោះ​បី​ទង្វើ​ខ្លួន​ខុស​ក្ដី និងបន្ទោស​គេ​ពេល​ខ្លួន​ឯង​បរាជ័យ នឹង​រឿង​អ្វីមួយ​៖ មនុស្សមិនស្គាល់ខ្លួនឯង ភាពឆ្កួតនៃមនុស្ស ជាចំណុច​ដែលឆ្លុះបង្ហាញអំពីទង្វើខុសឆ្គង ដែលមនុស្សម្នាក់​ៗបាន​ប្រព្រឹត្ត ប៉ុន្តែមិនសូវដឹងខ្លួនថាត្រូវឬមិនត្រូវ។ ដូច្នេះ​សៀវភៅ មូលដ្ឋានបោះជំហានទៅមុខ បានផ្តល់​នូវ​ដំណោះស្រាយឲ្យបុគ្គល​ប្រសើរ​ជាង​មុន បុគ្គល​ដឹកនាំ ជំហាន​ស្ថិតក្នុង​តំបន់​ភ្លឺ ។​

លោក ស៊ូ សាវឿន ​បាន​បោះ​ជំហាន​ធ្វើជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស និង​ជំរុញ​ការសិក្សា​រៀន​សូត្រក្នុង​ភូមិ​​​តាំងពី​ឆ្នាំ១៩៩៣។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ លោក​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​​និង​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​អាជីព​ការងារ​ជាច្រើន​ទៀត​ដូចជា ​៖សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យនាយក​គ្រប់​គ្រង​សាលាបណ្តុះបណ្តាល​ឯកជន នាយក​ប្រតិបត្តិ​អង្គការ​​ក្រៅរដ្ឋាភិបាល និងស្ថាប​និក​ក្រុម​ហ៊ុន​ជាដើម៕