អាជ្ញាធរមីនកម្ពុជាបញ្ជាក់ថាគ្រប់មីនដែលផ្ទុះនៅស្រុកអង្គស្នូលពេលថ្មីៗនេះជាមីនតោនបង្កប់ចន្លោះពីឆ្នាំ១៩៧០ដល់១៩៧៥

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖អនុប្រធាន​ទី២នៃអាជ្ញាធរមីនកម្ពុជាបានអះអាងថា មីនដែលផ្ទុះនៅស្រុកអង្គស្នូលខេត្តកណ្តាលកាលពីថ្ងៃទី៣០ ខែឧសភា​ឆ្នាំ២០១៩កន្លងមកនេះជាប្រភេទមីនតោនដែលបង្កប់ក្នុងសម័យសង្គ្រាមចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ហើយនេះក៏មិនមែនជាគ្រប់មីនដែលទើបតែដាក់ថ្មីៗដូចមតិមួយចំនួនលើកឡើងនោះទេ។

ក្នុងឱកាសអញ្ជើញទៅសួរសុខទុក្ខជនរងគ្រោះដោយសារផ្ទុះមីននៅមន្ទីរពេទ្យព្រះកុ   ស​​មៈហៅពេទ្យលោកសង្ឃ នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ ឯកឧត្តម សែម សុណ្ណី អនុប្រធានទី២ នៃអាជ្ញាធរមីនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា កាលពីម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឧសភា​ឆ្នាំ២០១៩ មានករណី ផ្ទុះគ្រាប់មីនតោន​នៅ ចំណុច វាលស្រែ ភូមិចំការជោ ឃុំពើក ស្រុក​អង្គស្នួលខេត្តកណ្ដាលបានបណ្ដាលអោយជនរងគ្រោះឈ្មោះធី ទី ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរស៊ីឈ្នួលភ្ជួរដីស្រែរងរបួសធ្ងន់ និងបណ្ដាលអោយខូចខាតត្រាក់ទ័រ១គ្រឿង​។ ជនរងគ្រោះមានទីលំនៅនៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

ឯកឧត្តមបញ្ជាក់ថា បើតាមការពិនិត្យវាយតម្លៃមីនតោននេះបានបង្កប់ក្នុងអំឡុងសម័យ           សង្គ្រាម​របបលន់ណុល និងកងទ័ពខ្មែរក្រហមចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ពេលដែលមានការវាយប្រយុទ្ធគ្នាដណ្តើមកាន់កាប់ទីក្រុងភ្នំពេញកាលពីសម័យនោះ។

ឯកឧត្តមបន្ថែមថារាជរដ្ឋាភិបាលសូមចូលរួមសោកស្តាយចំពោះករណីផ្ទុះមីនតោននៅស្រុកអង្គស្នូលដែលបណ្តាលឲ្យរងរបួសធ្ងន់ និងខួចទ្រាក់ទ័ររបស់ប្រជាពលរដ្ឋនេះ។

ឱកាសចុះសួសុខទុក្ខជនរងគ្រោះដោយសារមីននេះ ឯកឧត្តម សែម សុណ្ណីបាននាំយក​អំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ អង្ករ ទឹកត្រី ត្រីខ ទឹកសាអ៊ីវ និងថវិកាជាង១លានរៀលបូករួមនឹងថ្ងៃដែលក្រុម​ការងារអាជ្ញារមីនចុះទៅមើលកាលពីថ្ងៃទី៣០ផងនោះសរុបថវិកាប្រមាណ១លាន​៨០ម៉ឺនរៀលបានផ្តល់ជូនដល់ដៃរជនរងគ្រោះ។ចំពោះថ្លៃព្យាបាលទាំងអស់ជនរងគ្រោះដោយសារមីនេះមិនមាន​​ការបង់ថ្លៃនោះទេ។

សូមបញ្ជាក់ថាបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានបញ្ជាក់ថាគិតត្រឹម​ថ្ងៃ​ទី៣១ខែឧ សភានេះជនរងគ្រោះមានលក្ខណៈធូស្រាលបន្តិចហើយ ដោយរួចផុតពីសេចក្តីស្លាប់ហើយ៕