ឯកឧត្ដមរដ្ឋមន្រ្តី សាយ សំអាល់ ចាត់តាំងតំណាងនាំយកថវិកាឧបត្ថម្ភដល់សាសនិកឥស្លាមខេត្តព្រះសីហនុរៀបចំអាហារស្រាយបួសរ៉ាម៉ាឌន

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩  -ក្រុមការងារចុះជួយសហគមន៍ខ្មែរឥស្លាម ទូទាំងខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានអញ្ជើញសំណេះសំណាល និងនាំយកថវិការបស់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ចំនួន ១៧លានរៀល ឧបត្ថម្ភដល់សហគមន៍ខ្មែរឥស្លាម ដែលមានព្រះវិហារឥស្លាមចំនួន១៧ នៅខេត្តព្រះសីហនុ សម្រាប់រៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនសាមគ្គីនៅតាមព្រះវិហារនីមួយៗផងដែរ ។

ជំនួបសំណេះសំណាល និងឧបត្ថម្ភថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅព្រះ វិហារឥស្លាមភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលស្វាគមន៍ដោយ ហាកឹម តួន តំណាងពីព្រះវិហារទាំង១៧ និងសមាជិកក្រុមការងារចុះជួយសហគមន៍ខ្មែរឥស្លាម ខេត្តព្រះសីហនុ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម សេន ណាស៊ី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលឯកឧត្ដម តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាសហគមន៍ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតែមួយ ដោយមិនប្រកាន់ជំនឿសាសនានោះឡើយ។

មុននឹងឈានដល់ទិវាបុណ្យឆ្លងខែរ៉ាម៉ាឌនអ៊ីតហ្វីតរី Eid Fitri ដែលនឹងប្រព្រឹត្តទៅអំឡុងថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងនាមឯកឧត្ដម រដ្ឋមន្រ្តី ជាប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្ដមអនុរដ្ឋលេខាធិការបានជូនពរដល់សាសនិកឥស្លាមទូទាំងប្រទេស និយាយដោយឡែកបងប្អូននៅក្នុងខេត្តព្រះសីហនុ សូមទទួលបានសេចក្តីសុខសម្បូរសប្បាយចម្រុងចម្រើន ទទួលបានផលបុណ្យកុសលកុំឃ្លៀងឃ្លាតឡើយ ៕

ដោយសួស សំរិត