អាជ្ញាធរខេត្តបាត់ដំបង ទទួលអគារសិក្សាថ្មី ១ ខ្នងពីអង្គការសម្រេចសុបិនកុមារ

វិទ្យុជាតិកម្ពុជា៖ដោយ លោក សាន់ ឈង ខេត្តបាត់ដំបង៖


អាជ្ញាធរខេត្តបាត់ដំបង បានទទួលអគារសិក្សាថ្មី ១ខ្នង ៥ បន្ទប់ មានតម្លៃជាង ៤៨.២០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយ ដ៏សប្បុរស របស់ អង្គការសម្រេចសុបិនកុមារ កាលពី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ ។


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក លោកស្រី ជាស្ថាបនិក អង្គការសម្រេចសុបិនកុមារ ដែលអញ្ជើញមកពីបណ្តាប្រទេសនានានិងប្រធានអង្គការសម្រេចសុបិនកុមារប្រចាំប្រទេសកម្ពុជា ដែលបានកៀរគរ ថវិកា មកជួយ សាងសង់សាលារៀននៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ព្រមទាំងស្មារតីយកចិត្តទុកដាក់របស់ រដ្ឋបាលគ្រប់ថ្នាក់ សមាគមមាតាបិតាសិស្ស សប្បុរសជនផងដែរ ដែលបានបរិច្ចាកនូវធនធាន ថវិកា ក្នុងការសាងសង់ នូវសមិទ្ធផលនានាក្នុងសាលា ឲ្យមានសោភ័ណភាពរបៀបរៀបរយល្អ ។
លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ថា អគារសិក្សាថ្មីបំរើឲ្យ វិស័យអប់រំ ដ៏មានសារៈសំខាន់នេះគឺជាការឆ្លើយតបទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន បានផ្តល់ផលប្រយោជន៍ យ៉ាងធំធេង បង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្សបានចូលសិក្សារៀនសូត្រ ប្រកបដោយ ផាសុខភាព និងសុវត្ថិភាព បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានសំនូមពរ ដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានការសិក្សារបស់កូនៗ ដោយសហការ ទំនាក់ទំនងលោកគ្រូ អ្នកគ្រូ ឲ្យបានល្អ និងជាពិសេសចំពោះកូនៗ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អ ត្រូវយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ គោរព វិន័យសាលា និង ត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា ការសាងសង់អគារសិក្សាថ្មីនេះ ចំណាយថវិកាអស់ចំនួន ៤៨.២៤០ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយ ដ៏សប្បុរស របស់ អង្គការសម្រេចសុបិនកុមារកម្ពុជា៕