អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីក្នុងឱកាសខួបលើកទី៧០ទិវាកុមារអន្តរជាតិ ១ មិថុនា

AKP រតនគិរី ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងឱកាសខួបលើកទី៧០ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ក្រុងបានលង់ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សារដ្ឋ និង ឯកជនទូទាំងក្រុងបានលុងប្រមាណជាង ១.៧០០នាក់។

ឯកឧត្តម អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា សូមគ្រប់ស្ថាប័នអង្គភាពជំនាញ ពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមគាំទ្រ លើកស្ទួយ និងគាំពារកុមារដែលជាសសរទ្រូងរបស់ប្រទេសជាតិ ដើម្បីធានាដល់ការរីកលូតលាស់ទាំងរាងកាយ បញ្ញា និងស្មារតីសំដៅប្រែក្លាយទៅជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អរបស់សង្គមជាតិយើង។ ការ វិនិយោគលើកុមារ នឹងទទួលបានផលប្រយោជន៍ដ៏មហាសាលសម្រាប់អនាគត ការវិនិយោគលើកុមារនៅគ្រាដំបូងវាធានាបាននូវចំណុចចាប់ផ្ដើមល្អសម្រាប់កុមារវាជាគ្រឹះដ៏សំខាន់មួយសម្រាប់សុខុមាលភាពផ្នែកកាយសម្បទា ផ្លួវអារម្មណ៍ ផ្លូវចិត្ត និងស្មារតីហើយជួយកាត់បន្ថយអាត្រាត្រួតថ្នាក់ ការបោះបង់ការសិក្សា និងចៀសនូវបញ្ហាអវិជ្ជា ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ថង សាវុន បានសម្ដែងនូវការគាំទ្រចំពោះប្រធានបទដែលបានលើកឡើង ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៩ ដែលបានលើកឡើងថា «លើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព» ហើយការប្រារព្ធទិវាជាប្រវត្តិសាស្រ្តនេះគឺ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលបានស្ដែងចេញពីការខិតខំប្រឹងប្រែងក្នុងស្មារតីយកចិត្តទុដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការពុះពាររាល់ឧបសគ្គការលំបាក ការប្រឈមនានា ចូលរួមការពារថែរក្សានូវស្ថិរភាពនយោបាយ សន្តិសុខជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរទាំងក្របខ័ណ្ឌទូទាំងប្រទេសក៏ដូចជាទូទាំងខេត្តរតនគិរី ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)