អាជ្ញាធររាជធានីភ្នំពេញបើកយុទ្ធនាការលុបបំបាត់ផ្សែងបារីតាមទីសាធារណៈ ដើម្បីសម្រេចគោលដៅរាជធានីភ្នំពេញគ្មានផ្សែងបារី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ -អាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការបំផុសការលុបបំបាត់ផ្សែងបារីនៅតាមទីសាធារណៈ ដើម្បីឆ្ពោះទៅសម្រេចគោលដៅឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគ្មានផ្សែងបារីនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ ពិធីបើកយុទ្ធនាការនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយ មានការចូលរួមពីលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងសិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ។

លោកជំទាវ កែវ សុខពិសី បានប្រសាសន៍ថា អាជ្ញាធរបានចុះធ្វើយុទ្ធនាការអប់រំផ្សព្វ ផ្សាយពីផលវិបាកនៃបញ្ហាផ្សែងបារី ដល់ប្រជាពលរដ្ឋនៅគ្រប់ខណ្ឌទំាង១៤នៅទូទំាងរាជធានីភ្នំពេញ ដោយដើរបិទសារព្រមាន ពីគ្រោះថ្នាក់នៃការជក់បារី និងស្រូបផ្សែងបារីពីគេ រួមទំាងចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករមិនឱ្យតំាងបង្ហាញឬលក់ផលិតផលបារីនៅតាមទីសាធារណៈ។  យុទ្ធនាការនេះគឺដើម្បីឱ្យប្រជាពលរដ្ឋកាន់តែជ្រួតជ្រាបពីផលវិបាកនានាដែលបណ្តាលមកពីថ្នាំជក់ ហើយឈប់ជក់បារីនៅតាមទីសាធារណៈ ដើម្បីធ្វើយ៉ាងឱ្យទីក្រុងនេះក្លាយជាទីក្រុងគ្មានផ្សែងបារីដែលជួយទាក់ទាញភ្ញៀវទេសចរផង និងលើកកម្ពស់សុខភាពសាធារណៈផង។

លោកជំទាវ បានបញ្ជាក់ថា ដើម្បីឆ្ពោះទៅធានាបានជោគជ័យរដ្ឋបាលរាជធានីភ្នំពេញបានដាក់សារព្រមាន ធំៗហាមមិនឱ្យជក់បារីនៅតាមតំបន់ទេសចរណ៍កម្សាន្តនានានៅរាជធានីភ្នំពេញ ភោជនីយដ្ឋាន សណ្ឋាគារ និងគ្រឹះស្ថានសិក្សាជាដើម។  ការជក់បារីបាននាំមកនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយមិនចំពោះតែអ្នកប្រើប្រាស់នោះទេ សូម្បីតែអ្នកដែលបានស្រូបផ្សែងពីគេក៏រងគ្រោះដល់សុខភាពធ្ងន់ធ្ងរផងដែរ។

យុវតី រិទ្ធី ចាវត្តី ជាសិស្សនៅវិទ្យាល័យជា ស៊ីមបឹងកេងកង បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការជួយលុបបំបាត់បញ្ហាគ្មានផ្សែងបារីនៅរាជធានីភ្នំពេញ ព្រោះបានជួយលើកកម្ពស់សុខភាពសាធារណៈដែលពុំបានស្រូបផ្សែងបារីពីគេ។

អាជ្ញាធររាជធានីភ្នំពេញសង្ឃឹមថា នឹងសម្រេចបានជោគជ័យក្នុងការប្រកាសជាទីក្រុងគ្មានផ្សែងបារីនៅពេលឆាប់ៗនេះ ខណៈដែលថ្មីៗកន្លងទៅនេះ លោកជំទាវអភិបាលរងរាជធានីភ្នំពេញ បានផ្តល់ពានរង្វាន់ទិវាពិភពលោកគ្មានផ្សែងបារីដល់អង្គភាព ស្ថាប័នក្រោមឱវាទសាលារាជធានីភ្នំពេញដោយបានចាត់ជាប្រតិបត្តិករឆ្នើមក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិផលថ្នាំជក់។ យោងតាមរបាយការណ៍ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់បាន ស្លាប់ដោយសារការប្រើប្រាស់ថ្នាក់ជក់ និងស្រូបផ្សែងបារីពីគេ ដែលជាមធ្យមក្នុងមួយថ្ងៃមានរហូតដល់ជាង៣០នាក់ ដែលជាចំនួនមួយដ៏ខ្ពស់ជាងការស្លាប់ដោយសារជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ទៅទៀត៕

ដោយសួស សំរិត