ក្រសួងបរិស្ថាន និង អាជ្ញាធរខេត្តមណ្ឌលគិរី ពិភាក្សាស្ដីអំពីការគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិភូមិពូលូង

AKP មណ្ឌលគិរី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពីការស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និង តំណាងក្រុមហ៊ុនដែលស្នើសុំវិនិយោគវិស័យទេសចរណ៍ធម្មជាតិនេះផងដែរ ដែលឈានទៅ រកការឯកភាពគ្នានៅការប្រជុំលើកក្រោយទៀត។

គោលបំណងនៃកិច្ចប្រជុំពិភាក្សាលើកនេះផ្ដោតសំខាន់ គឺផ្តោតទៅលើការស្នើសុំគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក្រោយពីការចុះពិនិត្យជាក់ស្ដែងអំពីសក្ដានុពលធម្មជាតិ នៅក្នុងភូមិ សាស្រ្តដែលស្ថិតនៅក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ៕

ដោយ ណយ នឿន (ប្រភពៈ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី)