តំណាង WFP គាំទ្រគំនិតផ្តួចផ្តើមគម្រោងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ -លោក David Kaatrud នាយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក បានបញ្ជាក់ការគាំទ្រគំនិតផ្តួចផ្តើម បង្កើតប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ ដែលលើកឡើងដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក David Kaatrud បានឱ្យដឹងថា គម្រោងកម្មវិធីយុទ្ធសាស្រ្តនៃអង្គការ WFP ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត សម្រាប់រយៈពេល ៥ឆ្នាំទៅមុខ (២០១៩-២០២៣) ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់សេវាសង្គម និងពង្រឹងប្រព័ន្ធចំណីអាហារនៅថ្នាក់ក្រោមជាតិ ក្នុងការកាត់បន្ថយហានិភ័យ នៃសន្តិសុខស្បៀង។ លោក David Kaatrud បានបង្ហាញការគាំទ្រចំពោះផែនការក្រសួងបរិស្ថាន ដែលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ជាពិសេសការដាំដុះបន្លែបង្ការ នៅជុំវិញផ្ទះតាមសហគមន៍ ដើម្បីផ្គត់ផ្គង់ស្បៀងដល់គ្រួសារគ្រប់គ្រាន់ កាត់បន្ថយចំណាយ និងផលិតផលមានសុវត្ថិភាពសម្រាប់សុខភាពល្អ។

ប្រភពខាងលើឱ្យដឹងបន្តថា ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានគូស

បញ្ជាក់ថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើននៃការទទួលព័ត៌មាន ហើយសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមបានបន្តថា សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ប្រឈមនឹងវិបត្ដិបរិស្ថានម្ហូបអាហារ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងសុវត្ថិភាពនៅក្នុងប្រព័ន្ធចំណីអាហារ ដែលបង្កប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា សុវត្ថិភាពនៃប្រព័ន្ធស្បៀងអាហារ លើកទឹកចិត្តឱ្យកសិករផលិតស្បៀងសរីរាង្គ ចូលរួមកាត់បន្ថយចំណាយ និងកាត់បន្ថយការបរិភោគអាហារមិនមានសុវត្ថិភាព ដូចជាបង្កើនទម្លាប់ដាំដំណាំផ្សេងៗនៅក្បែរផ្ទះ ចិញ្ចឹមសត្វជា

ដើម ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមសហគមន៍ នូវបច្ចេកទេស និងការដាំដុះដំណាំ ធានាសុវត្ថិភាពស្បៀង និងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួង

បរិស្ថាន នឹងរៀបចំកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលថែមទៀត សម្រាប់ការបង្កើតគម្រោងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ ក្នុងនោះចំណុចអាទិភាពជំរុញឱ្យសហគមន៍ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជាអាចទិញឬទទួលបានអាហារដែលមានសុវត្ថិភាពចម្រុះមានតម្លៃសមរម្យ៕

ដោយ ពេជ្រ ណារិទ្ធ