សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ចូលជួបសម្ដែងការគួសម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ —

ក្នុងឱកាសដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនា​គ​ត​​រប​ស់អាស៊ី នៅទីក្រុងតូក្យូប្រទេសជប៉ុននោះ នារសៀល​ថ្ងៃ​ទី៣០ ខែឧសភាឆ្នាំ២០១៩  ស​ម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អ​នុ​​ញ្ញា​តឱ្យ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឱ្យដឹងក្រោយជំនូបថា នៅ​ក្នុង​ជំនូបនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេ​ត្រា​ស់​ធ៏ (J Trust Bank) បានគោរពថ្លែងអំណរគុណដល់​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ចំ​ណា​យពេលវេលាផ្តល់ការអនុញ្ញាឱ្យរូបលោកគណៈប្រតិភូចូលជួបសំដែងការគួរសម។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា កន្លងមកនេះលោកបានទិញភាគហ៊ុនរបស់​ធនា​គា​រ​ ​ANZ Royal  ដូច្នេះពេលនេះរូបលោក នឹងធ្វើការសហការការងារជាមួយក្រុមហ៊ុនRoyal gro​u​p​ របស់អ្នកឧកញ៉ា គិត ម៉េង។លោក ណូប៊ូយ៉ុង ស៊ិហ្វូជិសាវ៉ា ក៏បានជម្រា​បជូន​សម្តេចតេ​ជោ​​​នា​​យ​ករដ្ឋមន្រ្តីផងដែរថា តាមផែនការ លោកមានគម្រោងប្តូរឈ្មោះធនាគារANZ Royal  ទៅ​ជា​ធនាគារ ចេត្រាស់ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank)វិញ ហើយគម្រោងនេះ នឹងប្តូរឈ្មោះនៅ​ខែសីហាខាងមុខនេះ។ លោកបានជម្រាបសម្តេចតេជោទៀតថា កន្លងទៅខាងធនាគារ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែ ធនាគារ ចេត្រាសធ៏ រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី រឺឥណទានទៅក្រុមហ៊ុនខ្មែរ។

ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឱ្យលោក ណូ​ប៊ូ​យ៉ុង ស៊ិហ្វូជិសាវ៉ា ធ្វើការសហការជាមួយក្រុមហ៊ុនខ្មែរ ពោលគឺជាមួយក្រុមហ៊ុនRoyal grou​p​​ របស់អ្នកឧកញ៉ា គិត ម៉េង។ សម្ដេចតេជោ ក៏បានស្នើឱ្យធនាគារ ចេត្រាស់ធ៏ (J Trust Bank)​ជួ​យដល់ក្រុមហ៊ុនខ្មែរដែលតម្រូវការនូវឥណទាន ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី​ បាន​អប​អ​រសាទរ និងស្វាគមន៏ក្រុមហ៊ុន ចេត្រាសធ៏របស់ជប៉ុន ដែលបានទៅ​បណ្តាក់ទុននៅ​កម្ពុ​ជា​៕

ដោយ ជឹម ណារី​