សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមផ្តល់ជំនួយមនុស្សធម៌ចំនួន៧៩គ្រួសារដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៩គ្រួសារ នៅភូមិរាយប៉ាយលើ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយបញ្ហាជីវភាពជាបន្ទាន់ ។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ចាមបានចាត់ទុកការកផ្តល់ជំនួយមនុស្សជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់របស់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។


ឯកឧត្តម គួច ចំរើន ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការពូជសាសន៍សាសនាអ្វីឡើយ។
អំណោយបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៧៩គ្រួសារនេះ រួមមានអង្ករ ២៥ គីឡូក្រាម ត្រីខ១យួរ ទឹកត្រី ១យួរ ទឹក ស៊ីអ៊ីវ១យួរ មី១កេះតូច មុង១ ភួយ ១ សារុង ១ ក្រមា ១ និងបានបន្ថែមថវិកាមួយចំនួនផង។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ចំនួន ៧៩ គ្រួសារនោះ បានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២៣និងថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០១៩ ក្នុងនោះរលំទាំងស្រុងចំនួន៣ខ្នងផ្ទះ ៕