សម្តេចតេជោ ចាត់ទុក សកលភាវូបនីយកម្ម គឺជានិន្នាការពិភពលោកដែលបានជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ ថ្លែងថា សកលភាវូបនីយកម្ម គឺជានិន្នាការពិភពលោកដែលបានជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ និងបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សំរាប់ការកាត់ បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅក្នុងប្រទេសក្រីក្រ ដូចជាកម្ពុជា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សម្តេចតេជោ បន្តថា និន្នាការប្រឆាំងសកលភាវូបនីយកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារគម្លាតអភិវឌ្ឍន៍ និងកំរិត ប្រាក់ចំណូល ក៏ដូចជាវិសមភាពសង្គម នៅក្នុងនិងរវាងប្រទេសនីមួយៗ ដែលធ្វើឲ្យបាត់បង់ ការទុកចិត្តគ្នា និងបង្កើតភាពភ័យខ្លាច ចំពោះសកលភាវូបនីយកម្មទៅវិញ។សម្តេចតេជោ បញ្ជាក់ ថា ក្នុងនាមជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ កម្ពុជាមានការបារម្ភជាខ្លាំង ចំពោះការ សំរេចចិត្តជាឯកតោភាគីណាមួយដែលប្រាសចាកពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ក៏ដូចជាការគេចវេះពីកាតព្វកិច្ចចំពោះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ សកម្មភាពបែបនេះ បាននិងកំពុងធ្វើឲ្យចុះខ្សោយនូវទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ព្រមទាំងបង្ក ភាពតានតឹងនៅក្នុងសហគមន៍អន្តរជាតិ។