ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ គិតត្រឹមខែមេសា ឆ្នាំ២០១៩ កម្ពុជាមានអ្នករស់ នៅជាមួយមេរោគអេដស៍ចំនួន​៧៣.៥៥២នាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩​ ​ — ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា តាម​ការប៉ាន់ប្រមាណស្ថិតិ គិតត្រឹមខែមេសា ឆ្នាំ២០១៩កន្លងមក កម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន​៧៣.៥៥២នាក់ ដែលក្នុងនោះ មានអ្នករស់​នៅជាមួយមេ​រោគអេដស៍ប្រមាណ១០.០០០នាក់​ មិនត្រូវបានតាមរក និងមិនទាន់បាននាំយកមកដាក់​ចូលក្នុងប្រព័ន្ធថែទាំជំងឺអេដស៍។ ការអះ​អាងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការរួមចំណែកនៃ វិស័យឯកជន ក្នុងបញ្ហា​សុខភាព និងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយសហការជាមួយអង្គការ Health Policy Plus ក្រោមជំនួយ ឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ​របស់សហរដ្ឋអាមេរិក USAID និងមាន​ចូលរួមពីការអង្គការយូអិនអេដស៍ប្រចាំកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន មានប្រសាសន៍ថា ការកើនឡើងនៃការឆ្លងថ្មីគឺភាគច្រើនត្រូវបានរកឃើញក្នុងចំណោម​យុវវ័យ ជាពិសេស​ក្រុមបុរសរួមភេទជាមួយបុរស និងអ្នកផ្លែងភេទ។ ឯកឧត្តម​បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈមដែលមិនបានរំពឹងទុកក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍​ និងជំងឺអេដស៍ គឺ ស្ថានភាពដែលដៃគូអភិវឌ្ឍន៍ កំពុងដកជំនួយហិរញ្ញវត្ថុគាំទ្ររបស់ពួកគេ នៅ​ក្នុងពេលដែល​យើងប្តេជ្ញាបញ្ចប់ការឆ្លងរាល​ដាលមេរោគអេដស៍នៅឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្ដថា អស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ យើងបានខិតខំអនុវត្តន៍នូវកិច្ចអន្តរាគមន៍​ ដែល​មានលក្ខណៈច្នៃ​ប្រឌិត ដោយដាក់បញ្ចូលការឆ្លើយតបមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិ បាល​ដែលមាន​ស្រាប់ និងប្រព័ន្ធគាំពារសង្គម។​ ឯកឧត្តមទេស​រដ្ឋមន្រ្តី​បានស្នើសុំ អង្គសិក្ខា​សាលា​ពិគ្រោះពិភាក្សា ផ្អែកតាមលទ្ធផល​នៃ ការសិក្សា​ស្រាវ​ជ្រាវ គាំទ្រដោយអង្គការ HP+Palladium និងស្នើ​ឱ្យស្វែង​រកភាពជាដៃគូសាធារណៈ និងឯកជន តាមទម្រង់ផ្សេងៗ ដើម្បីឱ្យមានការចូលរួមគាំទ្ររបស់ពួកគេក្នុងការថែទាំសុខភាព ដោយរួមបញ្ចូលមេរោគ អេដស៍ និងជំងឺអេដស៍។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ក៏បានជំរុញដល់ផ្នែកដែលមានសក្តានុពល ក្នុងកិច្ចសហប្រតិបត្តិការ អាចមានដូចជា៖ សំណើសុំបង្កើតច្រកចេញចូលតែមួយក្នុងទំនាក់ ទំនងរវាងវិស័យ​ឧស្សា​ហកម្ម និងធុរកិច្ច ឯកជនជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងការអំពាវនាវឱ្យ​ មានការ​ចូលរួមពីវិស័យឯកជន តាមរយៈគំរូភាពជាដៃគូនៅក្នុងការផ្តល់ ឱសថប្រឆាំងមេរោគអេដស៍ជាមុន (Pre-Exposure Prophylaxis) ធារារ៉ាបរង និងម៉ាស៊ីន​រាប់​ចំនួនមេរោគអេដស៍។ ទន្ទឹមនេះ ការអំពាវនាវឱ្យវិស័យឯកជនដាក់បញ្ចូល ការឆ្លើយតបនឹងមេ​រោគអេដស៍ និងជំងឺអេដស៍ថា ជាផ្នែកមួយដែលផ្តោតការយកចិត្តទុក ដាក់ក្នុងផែនការ​សាជីវកម្ម​ដែលមានទំនួលខុស ត្រូវសង្គមសម្រាប់បណ្តាឆ្នាំខាងមុខ។ ក្រៅពីនេះ ប្រព័ន្ធ តាម​ដានសកម្មភាពដ៏រឹងមាំមួយ ការប្រើប្រាស់មូលនិធិ ។ល។ អាចត្រូវបាន រំលេច បន្ថែមទៀត ហើយដូចជាបង្កើនទំនុកចិត្តលើវិស័យឯកជន ក្នុងការប្រើ​ប្រាស់នូវការរួម ចំណែករបស់ពួក គេ។ ជាមួយគ្នានេះ របាយការណ៍ប្រចាំឆមាស ឬប្រចាំឆ្នាំ អាចត្រូវបានធ្វើ ការប្តេជ្ញាចិត្តបន្ថែម ទៀតក្នុងការ ផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃ គម្រោងកម្មវិធី ដោយរួមទាំង លំហូរ មូលនិធិ ចូល និងចេញ និងផលប៉ះ​ពាល់​ដែលត្រូវបានបង្កើតឡើង។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏​បានលើក​ទឹកចិត្តដល់ភាគីពាក់ព័ន្ធគ្រប់ផ្នែក ចូលរួមចំណែក ពិភាក្សាឱ្យ បាន​សកម្មលើចំណុច​ដែលបានលើកឡើងខាងលើ ដើម្បីអាចឱ្យយើងទទួលបាន ធាតុចូលក្នុង ការសម្រួច​ទិសដៅ នៃការរួមចំណែកនៃ វិស័យឯកជន ក្នុងបញ្ហាសុខភាព និង ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍៕

ដោយ ឡុង ស៊ីវ៉ាន់