រដ្ឋមន្ត្រីក្រសួងធម្មការស្នើឱ្យមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា ជួយផ្សព្វផ្សាយអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្នើឱ្យមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនាជួយបន្តផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ឧត្តរមានជ័យ នៅឱ្យឆ្ងាយពីគ្រឿងញៀន។ ការស្នើនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ អនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកំពង់ឆ្នាំងលើកទី២៧ និងបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០១៩-២០២០ និងបូកសរុបលទ្ធផលសកម្មភាពការងារ និងលើកទិសដៅអនុវត្តន៍​បន្ត​ឆ្នាំ២០១៩ នាព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ​ទី៣០ ខែឧសភាឆ្នាំ២០១៩។ នេះបើយោងការផ្សាយតាមហ្វេសប៊ុករបស់​ក្រសួង​ធម្មការ និង​សាសនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់ថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេស​រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដោយ ស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុត ចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះ អង្គ និងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យ មានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។ ឯកឧត្តមទេសរដ្ឋ មន្រ្តី មានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេច ព្រះអគ្គសង្ឃរាជ ទាំងពីរព្រះអង្គ។ នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លា បានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើល្អដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ស្របទៅនឹងការរីកចម្រើនទាំងនេះ ក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលមហាសន្និបាត នឹងលើកឡើងគឺជាប្រការមួយសមស្រប និងចាំបាច់ត្រូវដោះ ស្រាយ ចំពោះមុខ។

សូមបញ្ជាក់ថា ក្នុងពិធីនោះក៏មានការនិមន្ត និងអញ្ជើញពី ថ្នាក់ដឹកនាំក្រសួង មន្ត្រី សង្ឃគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា និងមន្ត្រីរាជការក្រោមឱវាទ មន្ទីរធម្មការនិងសាសនាខេត្ត សរុបប្រមាណជិត១៣០៧ អង្គ/នាក់ នៅមន្ទីរបក្សខេត្តកំពង ឆ្នាំង៕

ដោយ គង់ សិរីរ័ត្ន