សម្ដេចតេជោ ហ៊ុន សែន៖ ប្រធានបទស្ដីពីការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី ការ ជម្នះភាពវឹកវរ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ថា គឺមានសារៈសំខាន់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់​ទុក​ប្រ​ធានបទ« ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មីៈ ការជម្នះភាពវឹកវរ» របស់សន្និសីទអន្តរ​ជា​តិ​​លើកទី២៥ស្ដីពីអនាគតអាស៊ី ថាមានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍​ប​ច្ចុ​ប្បន្ន និងសម្រាប់អានាគតតំបន់អាស៊ី ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគ្រស្មាញ និង និ​ន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃស​ណ្ដា​ប់​ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។

ក្នុងសន្និសីទអន្តរជាតិលើកទី២៥ស្ដីពីអនាគតអាស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុន​នី​ក​កេ (Nikkri) នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមាន​អ្នក​ចូលរួមជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​ តំណាងស្ថាប័នអន្តរជាតិ និងវិស័យឯកជនជា​ច្រើន​ផង​នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសន្ទរកថាគន្លឹះ ដោយចែករំលែក​ទស្សនមួ​យ​​ចំនួន ដែលក្នុងនោះមាន៖ ទី១- ការរៀបចំដំណើរការស្ថាប័ន និងវិធានគ្រប់គ្រងសកល​ឡើ​ង​​វិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត៖ ជាការពិតការផុស​ឡើង​នូវ​ប្លុក និងប៉ូលសេដ្ឋកិច្ចថ្មីៗ តម្រូវឱ្យមានការរៀបចំឡើងវិញនូងនិម្មាបនកម្មស្ថាប័ន និងវិធាន​គ្រ​ប់​គ្រងសកល ដើម្បីធានាតុល្យភាពអំណាច និងការបែងចែកផលប្រយោជន៍ ការទទួល​ខុ​ស​​ត្រូវ និងការអនុវត្តកាតព្វកិច្ចរបស់តួអង្គនីមួយៗឱ្យបានត្រឹមត្រូវ និងប្រកបដោយ​ប្រសិទ្ធ​ភា​ព​។ ទី២- ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ&ណ្ឌសកលភាវូបនីយកម្ម៖ សកលភាវូបនីយ​កម្ម គឺជានិន្នាការពិភពលោក ដែលបានជំរុញកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងបង្កើត​លក្ខខ​ណ្ឌ​​មិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់​​ប្រ​ជា​ជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសប្រទេសក្រីក្រ ដូចជាកម្ពុជា។ និន្នាការប្រឆាំង​សកល​​ភាវូ​ប​នី​យកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារគម្លាតអភិវឌ្ឍន៍ និងកម្រិតប្រា​ក់​ចំ​ណូល ក៏ដូចជា វិសមភាពសង្គម នៅក្នុងប្រទេសនីមួយៗ ដែលធ្វើឱ្យបាត់​បង់ការទុកចិត្តគ្នា និង​បង្កើតភាពភ័យខ្លាច ចំពោះសកលភាវូបនីយកម្មទៅវិញ។ ក្នុងនាម​ជាប្រទេសមានការ​អភិ​វឌ្ឍ​តិចតួចមួយ កម្ពុជាមានការបារម្ភជាខ្លាំង ចំពោះការសម្រេចចិត្តជា ឯក​តោភាគី​ណាមួយ​ដែ​​លប្រាសចាក ពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ក៏ដូចជាការ គេចវេសពីកាតព្វកិច្ច​ចំ​ពោះ​​សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ ទី៣- ការ គោរពអធិបតេយ្យភាព និង​ជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ៖  យើងធ្លាប់បានដឹងហើយ ថា មនោគមន៍វិជ្ជានយោបាយ សេ​​​ដ្ឋកិច្ច និងសង្គមមួយចំនួន បានកើតឡើងជាប្រតិកម្មទៅ​នឹង​មនោគមន៍វិជ្ជាធំៗ ដែលកំពុង​មា​​ន​អំណាចគ្រប់គ្រងលើសណ្ដាប់ធ្នាប់ពិភពលោក​បច្ចុប្បន្ន។ ទោះជាយ៉ាងណា យើងត្រូវ​ទទួ​ល​ស្គាល់ថា ព័ត៌មានមនោគមន៍ វិជ្ជាណាមួយដែល ល្អឥត​ខ្ចោះ​​នោះទេ។ មនោគមន៍វិជ្ជានីមួយៗ តែ​ង​បង្ហាញឱ្យឃើញពីគុណសម្បត្តិ និងគុណ​វិបត្តិ​រៀងៗ​ខ្លួន។ នោះគឺដោយសារតែអ្វី ដែល​ល្អ​ស​ម្រា​ប់ប្រទេសមួយ ឬសង្គមមួយ មិន ប្រាកដថាល្អ​សម្រាប់ប្រទេស ឬសង្គមផ្សេងទៀត​នោះ​ឡើ​យ​ ដោយសារតែស្ថានភាពផ្សេងគ្នា និងលក្ខណៈ ពិសេសរបស់ប្រទេសនីមួយៗ។ ដូច្នេះគោល​កា​រណ៍​សន្តិសហវិជ្ជមាន ការមិន ជ្រៀតជ្រែក ការគោរពបែបផែននៃការរស់នៅ វប្បធម៌​ ប្រ​ពៃ​ណី​ និងប្រវត្តិសាស្ត្រ របស់ផងគ្នា​ទៅ​វិញទៅ​មក គួរតែជាគុណតម្លៃដ៏ខ្ពស់បំផុតមួយ ដែលរដ្ឋ​ទាំ​ងអស់ត្រូវតម្កល់ជានិយាមមិន​អាចខ្វះបាន សម្រាប់ទំនាក់ទំនងអន្តរជាតិជាសកល។ ទី៤- កា​រកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ៖ សន្តិភាព និងសន្តិសុខក្នុងប្រទេសនិង​ក្នុង​តំ​ប​ន់ គឺជាមូលដ្ឋានគ្រឹះមិនអាច​ខ្វះ​បាន​សម្រាប់ការអភិវឌ្ឍ។

ដូច្នេះ ការកសាងនិង​ថែរ​ក្សា​ឱ្យ​ខាង​តែបាន​នូវសន្តិភាព និងសន្តិ​សុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិ​ភា​ព​​មិនអាចសម្រេចបានមក​ដោយ​ឯកឯងនោះទេ។ យើងទាំងអស់គ្នាដឹងឮហើយ ប្រទស​យើង​ខ្លះ​ធ្លាប់រងការឈឺចាប់ឥត​គណនាចំពោះផលវិបាកជាច្រើននៃជម្លោះប្រដាប់អាវុធ និងការ​គំរា​ម​មិនប្រពៃណីនានា ពិសេសបញ្ហាភេរវកម្ម។ ជាក់ស្ដែង កម្ពុជាទើបតែសម្រេចបាននូវ​សន្តិ​ភា​ព​​ ឯកភាពជាតិ និង​ស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេលជាង២ទសវត្សរ៍​ចុងក្រោ​យ​នេះ។ សមិទ្ធផល​ជាប្រវត្តិសាស្ត្រនេះ សម្រេចបានដោយសារ គោលនយោបាយឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិ​បាល ដែលបានផ្ដល់ផលជាកំណើនសេដ្ឋកិច្ចមធ្យម ៧.៧ភាគរយ ក្នុងមួយឆ្នាំ និង​ភាព​ប្រសើរ​ឡើងជាលំដាប់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះហើយទើប​ប្រជា​ជា​តិ​កម្ពុជា​ទាំងមូល ផ្ដល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រ​ម​ទាំងការ​ជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះកំពុងតែហុច​ផ្លែផ្កាយ៉ាង​ពិ​ត​​ប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពជានៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស៕

ដោយ ជឹម ណារី