មន្រ្តីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិណែនាំឱ្យម្ចាស់សហគ្រាស និងបុរី ត្រូវសុំច្បាប់ក្នុង ពេលជ្រើសរើសសន្តិសុខផ្ទាល់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បាន​ណែនាំឱ្យម្ចាស់សហគ្រាស និងបុរីដែលមានបំណងជ្រើសរើសសន្តិសុខផ្ទាល់ខ្លួន​ត្រូវសុំច្បាប់​អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ហើយក៏ត្រូវតែបញ្ជូនភ្នាក់ងារទាំងអស់នោះ មកទទួលយក​ការ​បំប៉នជំនាញពីសមត្ថកិច្ចផងដែរ។ ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉ន​ជំនាញ​ភ្នាក់ងារសន្ដិសុខឯកជន លើកទី១៦ ដោយមានការចូលរួមពី សិក្ខាកាមជា​សន្ដិសុខ​ឯកជន ប្រមាណជិត២០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ការតម្រូវឱ្យភ្នាក់ងារ​សន្ដិសុខឯកជន ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញនេះ គឺដើម្បីឱ្យពួកគាត់បាន​ឈ្វេងយល់កាន់ច្បាស់អំពីតួនាទីភារកិច្ច ជៀសវាងការប្រព្រឹត្ដទង្វើដែលផ្ទុយនឹង​ច្បាប់បាន​ចែង។ ឯកឧត្តម ឧត្តមសេនីយ៍បន្តថា ភ្នាក់ងារសន្ដិសុខឯកជន មិនមែនជាសមត្ថកិច្ចនោះទេ ពោលគ្រាន់តែជាកម្លាំងជំនួយរបស់សមត្ថកិច្ចប៉ុណ្ណោះ។ ទន្ទឹមនេះ ភ្នាក់ងារសន្តិសុខឯកជន ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិ​សុខ​ឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ។

សូមជម្រាបជូនថា វគ្គបំប៉ននេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺឈ្វេងយល់អំពី​ភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន និងនគរបាលជាតិ លើការងារថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឱ្យកាន់តែល្អប្រសើរ​ឡើង​ថែមទៀត សំដៅធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម៕

ដោយ ចាន់ សុធីវង្ស