ក្រសួងព័ត៌មាន ឯកភាពផ្តល់ពាក្យស្នើសុំឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក បើកការិយាល័យផ្សាយឡើងវិញនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងព័ត៌មាន បានឯកភាពជាគោលការណ៍ក្នុងការផ្ដល់ពាក្យស្នើសុំបើក​ការិយាល័យ​តំណាង​​វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)ផ្សាយជាខេមរភាសាប្រចាំនៅកម្ពុជា ជូនទីភ្នាក់​ងារសហរដ្ឋអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសាកល(US Agency for Global Media)ដើម្បី​បំពេញបែបបទដាក់ឱ្យមកក្រសួង​ព័ត៌​មានវិញ មុននឹងឈានទៅបើកការិយាល័យ​តំណាង​VOA​ប្រចាំនៅកម្ពុជាឡើង​វិញ។ នេះបើ​តាមការលើកឡើងរបស់ឯកឧត្ដម មាស សុភ័ណ្ឌ អនុ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង​ព័ត៌មាន នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង លោក Michael Newbill ភារៈធារីស្ថាន​ទូតអាម៉េ​រិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធាន ទទួលបន្ទុកប្រតិ​បត្តិ​ការនៃ ទីភ្នាក់​ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយសកល(US Agency for Global Media) នៅទីស្តី​ការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ នៅទីស្ដីការក្រសួង​ព័ត៌មាន។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានគូស​បញ្ជាក់ថា លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយសកលបានស្នើសុំឱ្យក្រសួងព័ត៌មានបញ្ជាក់ពីនីតិវិធី​ក្នុងការ​បំពេញ បែបបទក្នុងការបើកការិយាល័យវិទ្យុVOAនៅកម្ពុជាឡើងវិញ។ ឯកឧត្តមបានបន្ដថា ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឆ្លើយតបឯកភាពជាគោលការណ៍ឱ្យ Global Media អាចបើកការិយាល័យតំណាងវិទ្យុVOAនៅកម្ពុជាបាន។ ឯកឧត្តមបានបញ្ជាក់បន្ថែម “ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ពីនីតិវិធី ក្នុងការបំពេញបែបបទ ក្រសួងបាន​ផ្តល់​ពាក្យ​ស្នើសុំក្នុងការបើកការិយាល័យតំណាងនេះឱ្យទៅ Global Media”។

លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​​សម្រាប់​ប្រពន្ធ័ផ្សព្វផ្សាយសកល(US Agency for Global Media)បានអរគុណចំពោះ​ក្រសួង​ព័ត៌មានដែលបានជួយសម្របសម្រួលឱ្យមានការឯកភាពគ្នាជា​គោលការណ៍ក្នុងការ បើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា។ លោកបានបន្ដទៀតថា Global Media នឹងដាក់​លិខិតស្នើសុំមកកាន់ក្រសួងវិញ នៅពេលឆាប់ៗនេះ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា