លោក ឯម ច័ន្ទមករា៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា

AKP ព្រះវិហារ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការបានបញ្ជាក់ថា ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមាន ពិការភាពនៅកម្ពុជាមានដូចជា អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង កម្សាន្តជាដើម។ លោកបានបញ្ជាក់ថា ជនពិការពិតជាមានសក្តានុពលក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមួយនេះផងដែរ។

លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈដែលលោកចូលរួមក្នុងសិក្ខា សាលាស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើន ការងារក្នុងវិស័យទេសចរណ៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ សិក្ខាសាលានេះរៀបចំដោយក្រុម ការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តព្រះវិហារ។  ដោយមានការអញ្ជើញ ចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើននាក់ផងដែរ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាព ក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត ក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្នាក់នៅក្នុង សណ្ឋាគារ និងហូបអាហារនៅភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាដែរ។ លោក ឯម ច័ន្ទមករា បានស្នើឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅ ដល់ជនពិការ ដោយបង្កើតឱ្យមានជម្រាលដែលមានភ្នាក់ដៃនៅតាមសណ្ឋាគារ និងភោជនីយ ដ្ឋានជាដើម។

លោកថា ការបង្កើតឱ្យមានជម្រាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ ជនពិការនោះទេ គឺអាចជួយសម្រូលដល់មនុស្សចាស់ជរាជិះលើរទេះរុញ និងរទេះរបស់ កូនក្មេងជាដើម។លោក ម៉ម វាសនា អគ្គមនាយរងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្រ្តៃយ៍ ក្រុមការងារសកម្មភាពជនពិការ បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយលោកបាន បញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់បានបេ្តជ្ញាចិត្តចូលរួមការងារគ្រប់សកម្មភាព ទាំងផ្នែក ច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការ យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។

លោក ម៉ម វាសនា បានអំពាវនាវឱ្យភាគីពាកព័ន្ធចុះពិនិត្យ និងតាមដានការងារក្នុង វិស័យទេសចរណ៍ឱ្យបានច្បាស់លាស់នៅតាមគោលដៅសំខាន់ៗ ដែលក្រុមការងារ សកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការជាមួយអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាសកម្មភាពជនពិការ និងមន្ទីរទេសចរណ៍នានាតាមបណ្តាខេត្ត ជុំវិញការចុះបញ្ជ្រាប ព័ត៌មានជាច្រើនអំពីវិស័យពិការភាព ថាតើបានអនុវត្តន៍ដល់កម្រិតណានាពេលកន្លងមក។

លោក លី សារ៉ារឹទ្ធ អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ក្រោមកិច្ច សហ ការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ គឺមានការបណ្តុះបណ្តាលធនធានមនុស្សក្នុង វិស័យទេស ចរណ៍ ក្នុងនោះគឺមន្ទីរបានបណ្តុះបណ្តាលបុគ្គលិក និងម្ចាស់ អ្នកគ្រប់គ្រង សេវាកម្មបានជា ច្រើននាក់ទៀត។

លោក លី សារ៉ារឹទ្ធ  បានបន្តថា ដោយវិស័យទេសចរណ៍ ត្រូបានចាត់ទុកជាមាស​បៃតង  និងជាវិស័យអាទិភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់រាជរដ្ឋាភិបាល និងរដ្ឋ បាលខេត្ត មន្ទីរបានកសាងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍៥ឆ្នាំ ស្របតាមគោល ការណ៍របស់ក្រសួង ហើយទាក់ទងនឹង​ច្រកព្រំដែនអន្តរជាតិនៅក្នុងខេត្តព្រះវិហារ គិតមកដល់ ពេលនេះ គឺមានច្រកទ្វារភាគីអានសេះ នៅជាប់ភូមិសាស្រ្តខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ នឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗ ដើម្បីឱ្យប្រជាពលរដ្ឋទាំង២ភាគី បានផ្លាស់ប្តូរទំនិញ និងអាចមានលំហូភ្ញៀវទេសចរធ្វើដំណើរចេញចូលតាមច្រកនេះផងដែរ៕

ដោយ សួស សំរិត