ខេត្តត្បូងឃ្មុំគ្រងម្ចាស់ជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ទីបំផុត ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបានឈ្នះជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល២០១៩ បន្ទាប់ពីយកឈ្នះក្រុមខេត្តសៀមរាប ដោយលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅកីឡដ្ឋានវិសាខា រាជធានីភ្នំពេញ។ ការប្រកួតដ៏ស្វិតស្វាញនេះ បានធ្វើឱ្យក្រុមទាំងពីរសល់សមាជិកលើទីលានត្រឹម១០នាក់ដូច គ្នា បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមម្នាក់១នៅវគ្គទី១ ដោយសារការប៉ះទង្គិចគ្នា ដោយរក្សាលទ្ធផលស្មើគ្នា ០-០។ ចូលដល់វគ្គទី២ កីឡាករ លី រមី របស់ខេត្តត្បូងឃ្មុំ​ធ្វើ​សម្រេចបានគ្រាប់នៅនាទី៤៦ នាំមុខលើខេត្តសៀមរាប ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ខណៈសៀមរាបព្យាយាមវាយបក តែមិនបានសម្រេចឡើយ។ ខេត្តត្បូងឃ្មុំបានក្លាយជាខេត្ត ដែលបានលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដោយរក្សាកំណត់ត្រាឈ្នះគ្រប់ ប្រកួតតាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនទាន់ចាញ់ម្ដងឡើយ។

ចំពោះរង្វាន់ជ័យលាភីវិញ រួមមានក្រុមជើងឯកខេត្តត្បូងឃ្មុំ ទទួលបាន១៥លានរៀល, ជើងឯករង ខេត្តសៀមរាបទទួលបាន ៧លាន៥០ម៉ឺនរៀល ខណៈក្រុមលេខ៣ ​ខេត្តរតនគិរី ទទួលបាន៥លានរៀល ក្រោយប្រកួតឈ្នះខេត្តកោះកុង ៤ទល់១។ រីឯគ្រូបង្វឹកល្អ បានទៅលើ លោក ផល រស្មីពេជ្រ គ្រូបង្វឹកត្បូងឃ្មុំ ទទួលបាន៥០ម៉ឺនរៀល, កីឡាករល្អ កីឡាករ សំអាត រ៉ាវី មកពីខេត្ដត្បូងឃ្មុំ ទទួលបាន៥០ម៉ឺនរៀល និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅ​កីឡាករ ម៉ាត់ អ៊ីហ្សា មកពីខេត្តកោះកុង ទទួលបាន៥០ម៉ឺនរៀល ផងដែរ។

សូមបញ្ជាក់ថា ក្រុមជ័យលាភីទាំង៣ថ្នាក់ខេត្តនេះ គឺក្រុមខេត្តត្បូងឃ្មុំ សៀមរាប និង​រតតនគិរី ​នឹងត្រូវឡើងទៅប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិជាមួយក្រុមលីគកំពូលចំនួន១៣ លើកលែងតែយុវជនបាទី ដែលដកខ្លួន ខណៈកម្មវិធីចាប់គូប្រកួតពានថ្នាក់ជាតិនឹងធ្វើឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩៕

ដោយ ហេង ណាលីន