កម្ពុជា-ចិនប្ដេជ្ញាលើកម្ពស់ ជំនាញវិជ្ជាជីវៈរវាងប្រទេសទាំងពីរ

វិទ្យជាតិកម្ពុជា អត្ថបទ៖ដោយ លោក ជួន បូណា ៖

កម្ពុជា-ចិន បានប្ដេជ្ញាលើកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីធានាឲ្យ យុវជន ប្រទេសទាំងពីរ កាន់តែទទួលបានជំនាញច្បាស់លាស់ សម្រាប់ឆ្លើយតបតាមតម្រូវការការងារនៅលើទីផ្សារនាពេលអនាគត។


ការប្ដេជ្ញាលើកម្ពស់ ជំនាញវិជ្ជាជីវៈរវាងប្រទេសទាំងពីរនេះបានធ្វើឡើងតាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារកម្ពុជា ជាមួយសមាគមគ្រឹះស្ថានបច្ចេកទេសវិជ្ជាជីវៈរបស់សាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ ។
ក្រោយបញ្ចប់ពិធីចុះអនុស្សារណៈយោគយល់គ្នា ឯកឧត្ដម ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថាកម្ពុជា-ចិនបានចាប់ផ្ដើមសហការគ្នាក្នុងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ទៅវិញទៅមក ដើម្បីធ្វើការបណ្ដុះបណ្ដាលគ្រូបង្គោល និងសិស្ស និស្សិត នៅតាមវិទ្យាស្ថានសិក្សារវាងប្រទេសទាំងពីរ។ ឯកឧត្ដម បន្ដថា កម្លាំងពលកម្ម ជាពិសេសយុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និង អប់រំបណ្ដុះបណ្ដាលបចេ្ចកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព ដើម្បីទទួលបានជំនាញមួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។ ឯកឧត្ដមបានបញ្ជាក់ថា ការចាប់ផ្ដើម ផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរវាងកម្ពុជា-ចិននេះ ស្របពេលបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្មទី៤ បានបណ្ដាលឲ្យ បាត់បង់កំលាំងការងារ ដោយសារតែបច្ចេកវិទ្យាទំនើបបង្កើតឲ្យមានប្រភេទការងារថ្មីៗ ដែលតម្រូវឲ្យមានការបណ្ដុះបណ្ដាលជំនាញ និងបង្កើនសមត្ថភាពជំនាញបន្ថែមទៀត។
លោក ជូ លីសាំង តំណាងសមាគមគ្រឹះស្ថានបច្ចេកទេស វិជ្ជាជីវៈ របស់សាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងថា ការផ្លាស់ប្ដូរវិស័យអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរវាងកម្ពុជា-ចិន គឺក្នុងគោលដៅ ធ្វើកំណែទម្រង់ ការអភិវឌ្ឍវិជ្ជាជីវៈនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្ដការនៅពេលអនាគត ។
លោកបន្ដថា ប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិ បត្ដិការជាមួយប្រទេសកម្ពុជាក្នុងវិស័យអប់រំវិជ្ជាជីវៈ និងផ្ដល់ការធានានូវទេពកោសល្យដ៏រឹងមាំ និងការគាំទ្រផ្នែកបញ្ញា ចំពោះគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន និងយុទ្ធសាស្រ្ដចតុកោណរបស់កម្ពុជា ដោយបានចាត់ទុកការអប់រំវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់នូវធនធានមនុស្សកាន់តែមានសក្ដានុពល។
លោកសង្ឃឹមថា កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ នឹងបានរួមចំណែគបណ្ដុះបណ្ដាលធនធានមនុស្សកាន់តែច្រើន និង បង្កើតស្នាដៃថ្មីចំពោះមិត្ដភាពកម្ពុជា-ចិន៕