គ.ជ.ប ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឡើងវិញ មុនប្រកាសលទ្ធផលផ្លូវការ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានធ្វើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឡើងវិញ មុននឹងឈានទៅចេញផ្សាយលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣១ ខែឧសភាស្អែកនេះ និងឈានទៅប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៨ ខែមិថុនា។


ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឡើងវិញនេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប តាំងពីព្រឹកថ្ងៃទី៣០ ខែឧសភានេះ ដោយមានការចូលរួមពីភាគីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅពេលគណៈកម្មការជំនាញរបស់គ.ជ.ប កំពុងធ្វើការពិនិត្យឡើងវិញនូវលទ្ធផលបឋមនេះ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា ត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនេះ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលគណៈកម្មការរាជធានី ខេត្ត រៀប ចំការបោះឆ្នោត បានបញ្ជូនមកគ.ជ.ប។ ឯកឧត្តម បន្តថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ រាជធានី ខេត្ត ក៏ដូចជាគ.ជ.ប ពុំបានទទួលពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងលទ្ធផលបឋមនោះឡើយ ក្រោយរយៈពេល២ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក ឆុំ ចាន់ថន តំណាងគណបក្សយុវជនកម្ពុជា បានគាំទ្រចំពោះការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឡើងវិញនេះ ដោយលោកថា ជាបង្ហាញពីភាពត្រឹមត្រូវ តម្លាភាព និងអព្យាក្រឹតភាពរបស់គ.ជ.ប បើទោះបីជាគណបក្សខ្លួនពុំបាន ទទួលបានសំឡេងក្នុងការទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៣នេះក៏ដោយ។
លោក ជា អៀង ដែលចូលរួមឃ្លាំមើលដំណើរការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលឡើងវិញនេះ កត់សម្គាល់ថា សំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតដែលធ្វើការផ្ទៀងផ្ទាត់ឡើងវិញនេះ មិនមានការប្រែប្រួលផ្ទុយពីលទ្ធផលដែលត្រូវបានប្រកាសបឋមនោះឡើយ។
យោងតាមលទ្ធផលបឋមរបស់គ.ជ.ប ដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងអាសនៈសមាជិកក្រុមប្រឹក្សារាជធានីខេត្តទាំង៥៥៩អាសនៈ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទាំង៣.៥៥៥អាសនៈ ខណៈគណបក្សនយោបាយ៦ទៀត ដែលចូលរួមប្រកួតនៅតាមមណ្ឌលទាំង២៥រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ សរុប២០៣ ទទួលបានសំឡេងឆ្នោត មិនគ្រប់ចំនួន ដើម្បីទទួលបានអាសនៈ។
គួររំឭកថា គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតអសកលនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មាន៖ គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ៕